(កំពង់ស្ពឺ)៖ អធិការនគរបាលស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លោក ខឹម សាម៉ុន បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកក្រុមកម្មកររោងចក្រព្រឹកមិញ ស្ថិតនៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ១២៥-១២៦ ចំណុចភូមិចំការដូង ឃុំវាលពង់ មានអ្នករករងរបួស ត្រឹមតែ៥៩នាក់ ខុសពីសេចក្តីរាយការណ៍ជំហ៊ានដំបូងក្រោយកើតហេតុភ្លាមៗថា មានអ្នករងគ្រោះរហូតដល់ជាង៧០នាក់។

លោកអធិការបានបញ្ជាក់ថា ជនរងគ្រោះទាំងអស់គឺជាស្រ្តី ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែមិនមាននរណាម្នាក់ ប៉ះពាល់ដល់អាយុជីវិតនោះឡើយ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅម៉ោង៦៖១៣នាទីព្រឹកថ្ងៃទី២៧ ខែមេសានេះ ដែលបង្កឡើងរថយន្តដឹកកម្មករម៉ាក Hyundai ស្លាកលេខភ្នំពេញ 2AG- 9077 បើកបរដោយ ឈ្មោះ ឆេង ប៊ុនរឿន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអណ្ដូងប្រេង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ខណៈអ្នកបើករថយន្តធ្វើដំណើរមលដល់ចំណុចកើតហេតុ ក៏រេចង្កូតបណ្តាលឲ្យក្រឡាប់តែម្តង៕