(ភ្នំពេញ)៖ តបតាមសំណូមពរយុវជន និងនិស្សិតមហាវិទ្យាល័យកម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ លោក ចាយ បូរិន តំណាងរាស្រ្តត្បូងឃ្មុំ និងលោកបណ្ឌិតសាស្រ្តាចារ្យ ដៀប សុផល បានដឹកនាំយុវជន និងនិស្សិត ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសំណង់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើន បានសាងសង់ឡើងនៅក្នុងសម័យប្រទេសជាតិ ប្រកបដោយ សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ដំណើរទស្សនកិច្ចសិក្សានេះ ទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់លោក លី រស្មី អនុរដ្ឋលេខាធិការ និងលោក សេង ឡូត អគ្គនាយករដ្ឋបាល នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

នៅក្នុងឱកាសនោះ លោក លី រស្មី បានធ្វើបទបង្ហាញ ពីដំណើរការសាងសង់អគារ និងបានពន្យល់បង្ហាញ ពីអត្ថន័យពីរចនាប័ទ្មសំណង់ ដែលមានលក្ខណៈបញ្ចូលគ្នា នូវស្ថាបត្យកម្មបុរាណ និងសម័យ ជូនដល់យុវជននិងនិស្សិតយ៉ាងលម្អិត។

លោក ចាយ បូរិន និងលោកបណ្ឌិតសាស្រ្តាចារ្យ ដៀប សុផល រួមទំាងយុវជន និងនិស្សិតទំាងអស់ បានស្ញប់ស្វែងយ៉ាងក្រៃលែង ចំពោះស្នាដៃទេពកោសល្យរបស់លោកឧបនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំស្ថាបត្យករខ្មែរ បានសាងសង់អគារ ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះឡើងប្រកបដោយគុណភាព និងសោភណភាព។ គណៈប្រតិភូបានលើកឡើងថា នៅពេលឃើញសំណង់ដ៏ល្អឯកនេះ យុវជនទំាងអស់បាននឹកឃើញដល់ស្នាដៃរបស់បុព្វបុរសខ្មែរ ដែលបានសាងសង់សំណង់ស្ថាបត្យកម្មជាច្រើន នៅពាសពេញប្រទេស បន្សល់ទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយរហូតមកដល់សព្វថ្ងៃនេះ។

លោក ចាយ បូរិន និងលោកបណ្ឌិតសាស្រ្តាចារ្យ ដៀប សុផល បានលើកឡើងថាសំណង់អគារទីស្តីការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់នាពេលនេះ នឹងក្លាយជាមរតកដ៏សំខាន់មួយសម្រាប់យុវជន ជំនាន់ក្រោយសិក្សាស្វែងយល់បន្តទៀត។

លោកបានលើកឡើងថា ក្រោមម្លប់សុខសន្តិភាព និងក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានកំពុងអភិវឌ្ឍគ្រប់វិស័យ មិនថានៅទីក្រុង និងជនបទនោះទេ ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ សំណង់អគារក្រសួងស្ថាប័នរដ្ឋ បានកសាងថ្មី និងជួសជុល ពង្រីកបន្ថែមឲ្យកាន់ធំ ទំនើប សម្បូរបែបងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការរស់នៅ និងទទួលបានសេវាពីរដ្ឋប្រកបដោយភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់៕