(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ ជូនដល់មន្ត្រីរាជការ និងក្រុមអ្នកជួរមុខ។ ពិធីនេះមានការចូលរួមលោក ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាឱកាសនោះដែរ លោក អ៊ុំ រាត្រី បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៤ ដល់មន្ត្រីរាជការទាំង មន្រ្តីជួរមុខក្នុងខេត្តបន្ទាយមានជ័យនេះ គឺចាក់ថ្នាំវ៉ាក់សាំង Pfizer ការចាក់វ៉ាក់សាំងនេះបានត្រូវមានឯកសារតម្រូវចាំបាច់ ដែលត្រូវភ្ជាប់មកជាមួយរួមមានទី១៖ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩, ទី២៖ ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការបុគ្គលិក, ទី៣៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារ ដែលមានប្រើប្រាស់ក្នុងការចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងដូសទី៣ ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបានវ៉ាក់សាំង ដូសទី៤ ពោលគឺធានានូវគម្លាតរយៈពេល៤ខែ គិតចាប់ពីកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣។

លោក អ៊ុំ រាត្រី បានបន្តថា វ៉ាក់សាំងប្រភេទ Pfizer ជាវ៉ាក់សាំងចាក់មន្ត្រីរាជការ និងមន្ត្រីជួរមុខសម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យទៀតផង។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រឹងប្រែងរកវ៉ាក់សាំងទាំងអស់នេះ ដើម្បីចាក់ជូនប្រជាពលរដ្ឋរស់ក្នុងប្រទេសកម្ពុជា ឱ្យបានគ្រប់គ្នា ចាក់តាំងពីដូសទី១ ដល់ដូសជំរុញទី៣ រហូតដល់ដូសទី៤ ក្នុងឆ្នាំ២០២២នេះ។

លោកអភិបាលខេត្តបានបន្ថែមថា វ៉ាក់សាំងទាំងអស់នេះលក់នៅទីផ្សារមានតម្លៃខ្ពស់ណាស់ ត្រូវការចាំបាច់ណាស់ចំពោះមនុស្សជាតិលើពិភពលោក។ ប៉ុន ្តែ តែប្រជាពលរដ្ឋកម្ពុជាវិញ មានសំណាងណាស់ ដែលមានសម្តេចតេជោ ជាមេដឹកនាំ ហើយលោកបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា។ «មានវ៉ាក់សាំង គឺយើងមានកងការពារមួយយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩» នេះយ៉ាងមានប្រសិទ្ធភាពណាស់។

ក្នុងនោះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើរដល់មន្ត្រីរាជការ នៅក្នុងខេត្តទាំងអស់ ដែលបានចាក់វ៉ាក់សាំងហើយ មិនត្រូវទម្លាក់ចោលវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការការពារជំងឺកូវីដ១៩ នោះឡើយ ជាពិសេសត្រូវគោរពអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន។

ក្នុងនោះមន្ត្រីរាជការនៅក្នុងខេត្ត ទាំងអ្នកជួរមុខ ដែលបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ម្នាក់ៗសុទ្ធតែត្រេកអរចំពោះការទទួលបានវ៉ាក់សាំង និងអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់អាទិភាពជូនពួកគាត់៕