(ភ្នំពេញ)៖ ចោរឆក់៥នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកសបទី២ ឃាត់ខ្លួន ខណៈកម្លាំងចុះល្បាត ហើយប្រទះឃើញក្រុមចោរទាំងនេះ កំពុងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្រ្តីអ្នកដំណើរតាមដងផ្លូវម្នាក់ កាលពីវេលាម៉ោង ១០៖២០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់រួមមាន៖

*ទី១៖ ឈ្មោះ ថេត ប៊ុនថេង អាយុ២១ឆ្នាំ មុខរបរជាងចាក់សាក់ មានទីលំនៅភូមិគោកចំបក់១ សង្កាត់ចោមចៅទី១
*ទី២៖ ឈ្មោះ នូ បូរន អាយុ២០ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១
*ទី៣៖ ឈ្មោះ សំអាង សុវណ្ណារ៉ា អាយុ១៩ឆ្នាំ មុខរបរសិស្ស
*ទី៤៖ ឈ្មោះ ចាន់ ចែ អាយុ១៩ឆ្នាំ មុខរបរជាងជួសជុលម៉ូតូទាំង២នាក់នេះ មានទីំលំនៅភូមិថ្មគោល១ សង្កាត់ចោមចទៅទី២ ខណ្ឌពោធិ៍សែនជ័យ
*ទី៥៖ ឈ្មោះ ឃុន សុខឃៀង អាតុ២០ឆ្នាំ មុខរបរលក់គ្រឿងសំណង់ មានទីលំនៅភូមិសឡា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ សៀង សុភ័ក្រ្តនាថ អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ៩៧ឌ ផ្លូវបេតុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ម៉ន វុធី បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ រួមនិងមិត្តភក្ដិធ្វើការជាមួយគ្នាម្នាក់ទៀត បានជិះម៉ូតូ១គ្រឿងម៉ាកហុង ដាឃ្យូប៊ិក ពណ៌ក្រហម ពាក់ស្លាកលខភ្នំពេញ 1HY-1783 ឌុបគ្នាចេញពីម្ដុំភ្លើងស្តុបផ្សារ ដើមគរ ខណ្ឌទួលគោក ឆ្ពោះទៅជួបអតិថិជនដែលក្រុមហ៊ុនណាត់ជួបនៅឯភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

លុះជួបរួចរាល់ត្រឡប់មកវិញដល់ត្រង់ចំណុចកើតហេតុ ជនរងគ្រោះបានឈប់និយាយទូរស័ព្ទ លុះនិយាយរួចបម្រុងទុកក្នុងហោប៉ៅខោវិញ ស្រាប់តែជនសង្ស័យ៣នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IS-6998 ទៅដល់ឆក់យកទូរស័ព្ទតែម្ដង។

លោក ម៉ន វុធី បានបន្តថា ខណៈនោះជនរងគ្រោះបានស្រែកឆោរឡោ ហើយកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ កំពុងល្បាតតាមផ្លូវនោះឃើញក៏បានជួយដេញតាមចាប់ខ្លួនបាន៣នាក់ភ្លាមៗ ព្រមទាំងនាំទៅសាកសួរ និងឈានដល់ការចាប់ខ្លួនបក្សពួក២នាក់ទៀតជាបន្តបន្ទាប់។

ក្រោយចាប់ខ្លួនកម្លាំងនគរបាល ដកហូតបានទូរស័ព្ទដៃម៉ាកអាយហ្វូន១២ប្រូម៉េក ១គ្រឿងប្រគល់ជូនជនរងគ្រោះវិញ ព្រមទាំងដកហូតម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០មួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IS-6998។ ម៉ូតូម៉ាកស៊ុយហ៊្សុយគីនិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1JA-4905 បន្ទាប់មកកសាងសំណុំរឿងចាត់ការតាមច្បាប់៕