(រតនគិរី)៖ នៅថ្ងៃព្រឹកទី២១ ខែមករា ឆ្នាំ២០២២ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយការ) រួមជាមួយក្រសួងសុខាភិបាល បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារសម្ភព និងថែទាំទារក នៃគម្រោងពង្រឹង សុខភាពមាតា និងទារក នៅខេត្តរតនគិរី។

ពិធីនេះប្រារព្ធធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្រោមអធិបតីភាពលោកផាក ហ៊ឹងក្យុង (Mr Park Heung-Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា និងលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ហ្សន់ជូន នោ (Hyunjun RHO) នាយកទីភ្នាក់ងារកយការប្រចាំប្រទេសកម្ពុជា និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

លោក ញ៉ែម សំអឿន បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលបានជួយគាំទ្រថវិកា លើគម្រោងសុខភាពមាតា និងទារកដែលគម្រោងនេះ គឺពិតជាមានសារៈសំខាន់ សំរាប់ប្រជាជនក្នុងខេត្តរតនគិរី លើសពីនេះតាមរយៈសកម្មភាពនានា នៃគម្រោងក៏បានចូលរួមចំណែកបន្ថែម ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលក្នុងខេត្តរតនគិរី ឲ្យកាន់តែមានគុណភាពប្រសើរឡើងបន្ថែមទៀត។ លោអភិបាលខេត្តក៏បានស្នើសុំ លោកឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ដើម្បីផ្តល់នូវគម្រោងសាងសង់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-កូរ៉េ នៅក្នុងមន្ទីរពេទ្យខេត្តរតនគិរី ដើម្បីជួយសំរួលការលំបាកដល់ប្រជាជនខេត្តរតនគិរី។

លោក ផាក ហ៊ឹងក្យុង (Mr Park Heung-Kyeong) បានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសដៃគូរដ៏សំខាន់ ចំពោះជំនួយអភិវឌ្ឍន៏ផ្លូវការ (ODA) របស់សាធារណរដ្ឋកូរ៉េ។ ចំណងភាពជាដៃគូរបានចាប់ផ្តើមពីកម្រិតស្ដួចស្ដើងបំផុត។ សាធារណរដ្ឋកូរ៉េ បានចាប់ផ្តើមផ្តល់ជំនួយមនុស្សធម៌មកដល់កម្ពុជា ក្នុងកម្រិតដ៏តូចក្នុងដើមឆ្នាំ១៩៩០។

នាពេលបច្ចុប្បន្ននេះ ភាពជាដៃគូរក្នុងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)នេះ បានពង្រីកយ៉ាងធំធេងដែលមានគម្រោងសរុបចំនួន៧០ ដែលមាននៅក្នុងវិស័យនានាដូចជា សុខាភិបាល អប់រំ ឧស្សាហកម្ម ប្រព័ន្ធព័ត៌មានវិទ្យា និងវប្បធម៌។

លោកបន្តថា អគារសម្ភព និងថែទាំទារក នៃគម្រោងពង្រឹងសុខភាព មាតា និងទារកសាងសង់ចប់ នឹងដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សេវាថែទាំសុខភាព យ៉ាងល្អប្រសើរទៅកាន់ម្តាយនិងទារកនៅក្នុងខេត្តរតនគិរី ដែលនឹងក្លាយជាផ្នែកនៃការអភិវឌ្ឍមួយចំពោះ ប្រព័ន្ធសុខាភិបាលនៅក្នុងតំបន់នេះផងដែរ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា គម្រោងពង្រឹងសុខភាពមាតា និងទារកនៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា ដែលត្រូវបានគេស្គាល់ថា ជាគម្រោង «គីរី» បានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២០ ជាមួយនឹងមូលនិធិចំនួន៧លានដុល្លារ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ KOICA ។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវគុណភាពនៃការផ្តល់សេវាសុខភាពមាតា និងទារក ការធ្វើឱ្យប្រសើរឡើងនូវ លទ្ធភាពមកទទួលសេវាសុខភាពមាតា និងទារក និងការ លើកកម្ពស់ចំណេះដឹងរបស់សហគមន៍រហូតដល់ឆ្នាំ២០២៣។

សូមបញ្ជាក់ថា កយការក៏បានផ្តល់បន្ថែមទៀតនូវ អគារសម្ភពក្នុងមណ្ឌលសុខភាពចំនួន៣ នៅខេត្តរតនគិរីរួមមាន៖ មណ្ឌលសុខភាពតាវែង អណ្តូងមាស និងអូរជុំ ដែលនឹងត្រូវបានសាងសង់ក្នុងពេលជាមួយគ្នាទៅនឹងអគារសម្ភព និងថែទាំទារកនេះផងដែរ។

ក្នុងរយៈ១៣ខែខាងមុខ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ អគារសម្ភព ក្នុងមណ្ឌលសុខភាពទាំង៣ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពសាធារណៈ ក្នុងតំបន់ដាច់ស្រយ៉ាល ក្នុងការផ្តល់សេវាសំខាន់ៗមួយចំនួនរួមមានសេវាការពិនិត្យផ្ទៃពោះមុនសម្រាលកន្លែងសម្ភព ការពិនិត្យសុខភាពក្រោយសម្រាលជាដើម។ ក្រៅពីមុខងារជាអគារសម្ភព ក្នុងមណ្ឌលសុខភាព អគារសម្ភព នឹងថែទាំទារក និងផ្ដល់សេវាជាការសង្គ្រោះបន្ទាន់ ដោយមានបន្ទប់រងចាំសម្រាលនិងបន្ទប់ក្រោយសម្រាលផងដែរ៕