(ភ្នំពេញ)៖ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌឬស្សីកែវ និងជាប្រធានស្ដីទី អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ បានបន្តដឹកនាំក្រុមការងារនារីខណ្ឌ សហការជាមួយ បណ្ដាញសមាគមនារីសង្កាត់ទួលសង្កែទី១ ក្នុងការនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីចុះសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភដល់ការជួយសម្រាលជីវភាពខ្វះខាត និងមានជំងឺមួយចំនួនសម្រាប់ប្រជាពលរដ្ឋ រស់នៅក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។

សកម្មភាពសមធម៌នេះ បានធ្វើឡើងជាបន្តបន្ទាប់រយៈពេល៣ថ្ងៃជាប់គ្នា នៅមុន និងក្រោយពីអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ សហការជាមួយបណ្ដាញសមាគមនារីសង្កាត់ឬស្សីកែវ និងបណ្ដាញសមាគមនារីសង្កាត់ទួលសង្កែទី២ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីចុះសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភដល់ការជួយសម្រាលជីវភាពខ្វះខាត និងមានជំងឺសម្រាប់ប្រជាពលរដ្ឋ រស់នៅក្រុម១២ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ និងនៅក្រុម២ ភូមិពោងពាយ និងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ នាថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០២២។

ក្នុងសកម្មភាពសមធម៌ទាំង៣លើក និង៣ថ្ងៃជាប់គ្នានេះ លោកស្រី សួស សូលីដា នៅតែបន្តជុំរុញប្រជាពលរដ្ឋឱ្យនាំបងប្អូនកូនក្មួយ ដែលមានអាយុចាប់ពី៥ឆ្នាំឡើង ឱ្យទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន និងដូសជុំរុញ ដើម្បីឈានទៅកាត់ផ្ដាច់ការចម្លងរាលដាលចូលក្នុងសហគមន៍។

បន្ថែមពីនេះ លោកស្រី សួស សូលីដា បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋថា ដើម្បីកាត់បន្ថយការចម្លងជំងឺកូវីដ-១៩ ទៅកាន់គ្រួសារ និងអ្នកដទៃ ចាំបាច់ទាមទារឱ្យមានការចូលរួមគ្នារក្សាអនាម័យ តាមរយៈការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ក្រោយពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន និងដូសជុំរុញ ដើម្បីឈានទៅកាត់ផ្ដាច់ការចម្លងជំងឺរាលដាលចូលក្នុងសហគមន៍ ដែលសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា សម្រាប់អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលប្រជាពលរដ្ឋជួបការខ្វះខាត និងមានជម្ងឺ បានទទួលក្នុងការសម្រាលជីវភាពមួយចំនួន ពីក្រុមការងារអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ និងក្រុមការបណ្ដាញសមាគមនារីសង្កាត់ រួមមានក្នុង១គ្រួសារទទួលបាន អង្ករ២៥ គីឡូ, មី, ទឹកត្រី, ទឹកស៊ីអុីវ, ត្រីខ និងថវិកាមួយចំនួន៕