(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ និងក្នុងនាមក្រុមការងារចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៃរដ្ឋបាលខណ្ឌ បានជូនដំណឹងជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋ ដែលមានអាយុ៦០ឆ្នាំឡើង អាចទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២១-៣១ ខែមករា ឆ្នាំ២០២២ ហើយសម្រាប់ប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើង ក៏អាចទៅទទួលការចាក់វ៉ាក់សាំងបានដែរ ចាប់ពីថ្ងៃទី០១-១៤ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ដែលមានមណ្ឌលចាក់វ៉ាក់សាំងចំនួន៣ទីតាំងផ្សេងៗគ្នា ស្ថិតនៅវត្តទួលសុវណ្ណារាម (វត្តទួលសង្កែ) សង្កាត់ទួលសង្កែទី១ នៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ សង្កាត់គីឡូម៉ែត្រលេខ៦ និងនៅមណ្ឌលសុខភាពគីឡូម៉ែតលេខ៩ សង្កាត់ច្រាំងចំរេះទី១។

សូមជម្រាបថា សម្រាប់មណ្ឌលចាក់វ៉ាក់សាំងចំនួន៣ទីតាំងផ្សេងៗគ្នាខាងលើនេះ បាននិងកំពុងដំណើរការបើកយុទ្ធនាការទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជុំរុញ សម្រាប់រយៈពេលកន្លះខែ ដល់មន្ត្រីជួរមុខ និងកុមារអាយុចាប់ពី៥ឆ្នាំឡើង ដែលមានរយៈពេល៧ថ្ងៃហើយ បើគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ។

លោក ឯក ឃុនដឿន ក្នុងនាមក្រុមការងារចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៃរដ្ឋបាលខណ្ឌឫស្សីកែវ នៅតែបន្តក្រើនរំលឹកឱ្យអាជ្ញាធរជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌទាំងអស់ឱ្យមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ទាំងដូសទី១ ដូសទី២ និងដូសទី៣ (ដូសជុំរុញ) ហើយនឹងដូសទី៤ ដើម្បីចូលរួមបង្ការទប់ស្កាត់វីរូសរាតត្បាតកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» ឆ្លងក្នុងសហគមន៍ ដែលរកឃើញតាមរយៈក្រសួងសុខាភិបាល។

លោកអភិបាលខណ្ឌ បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវភ្ជាប់មកជាមួយនូវឯកសារ រួមមាន៖ ប័ណ្ណ (កាត) ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងលើកទី១ លើកទី២ និងលើកទី៣ ក្រៅពីភ្ជាប់មកជាមួយនូវ សំបុត្រកំណើត ឬអត្តសញ្ញាណ្ណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ដូសទី១។

ក្នុងនាមក្រុមការងារចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៃរដ្ឋបាលខណ្ឌឫស្សីកែវ បានសំណូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយប្រកាន់ភ្ជាប់នូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ក្នុងការអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕