(កំពង់ចាម)៖ ក្នុងគោលបំណងដើម្បីពង្រីកចលនាស្និទ្ធស្នាល ជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ម្សិលមិញ ឧកញ៉ា ឡូវ ហ៉ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល និងនាំមកនូវអំណោយរបស់ឧត្តមសេននីយ៍ ហ៊ុន ម៉ាណែត ផ្តល់ជូនក្រុមប្រឹក្សាឃុំ លោកតាគណៈកម្មការអាចារ្យ វត្តក្មេងកំព្រា ចាស់ជរាក្មេងទីពឹង និងប្រជាពលរដ្ឋខ្វះខាតប្រមាណ ១០០នាក់ នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ។

យោងតាមការគូសបញ្ជាក់របស់ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានឱ្យដឹងថា ប្រជាពលរដ្ឋទូទាំងឃុំទងត្រឡាច និងលោកឧកញ៉ា ឡូវ ហ៉ឹង សូមសូមចងចាំទុកជាប្រវត្តសាស្រ្ត ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់អំណោយដ៍ថ្លៃថ្លាដោយជួយឧបត្ថម្ភការកសាងផ្លូវបេតុង១ខ្សែប្រវែងជិត៧គីឡូម៉ែត្រ និងទទឹង៧តភ្ជាប់ទៅផ្លូវជាតិលេខ៨ ដោយមានភ្លើងស៊ុលឡានៅអមសងខាងផ្លូវនៅក្នុងឃុំទងត្រឡាច។

ឧកញ៉ា ឡូវ ហ៉ឹង បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់អំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន គឺមានកុមារ កុមារកំព្រា និងកុមាពិការមិនតិចទេ ដែលបានពុះពារខិតខំប្រឹងសិក្សា និងទទួលបានចំណេះ ជំនាញដ៏ពិតប្រាកដ និងទទួលបានជោគជ័យ ហើយក៏បាននិងកំពុងទទួលបានការងារល្អប្រសើរផងដែរ តួយ៉ាងដូចរូបលោកឧកញ៉ា បានឆ្លងកាត់ការតស៊ូ និងពុះពាររាល់ឧបសគ្គជាច្រើន ទើបទទួលបាននូវជោគជ័យដូចសព្វថ្ងៃនេះ។

នាឱកាសនោះដែរ ឧកញ៉ា ឡូវ ហ៉ឹង បានពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចជាកាលសម្តេចទាំងពីរ តែងតែគិតគូរនិងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់រស់នៅតាមមូលដ្ឋានជាពិសេសចំពោះក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បងប្អូនក្រីក្រជួបការលំបាក ជនពិការ អ្នកផ្ទុកមេរោគអេដស៍ជាដើម។ល។

ឧកញ៉ា ឡូវ ហ៉ឹង ក៏បានណែនាំឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់ចរាចរណ៍ឈានឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគគ្រឿងស្រវឹង និងសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ចលុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ ឃុំ ក៏ដូចជានៅក្នុងសង្គម ជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យ កូនក្មួយៗទាំងអស់គ្នា។

សម្រាប់អំណោយឧត្តមសេននីយ៍ ហ៊ុន ម៉ាណែត រួមមាន៖ កង់ចំនួន០៨គ្រឿងផ្តល់ដល់ក្មេងកំព្រា ប្រគេនស៊ីម៉ង់ត៍ដល់ព្រះសង្ឃចំនួន ១៥តោន ឧបត្ថម្ភការកសាងផ្លូវនៅក្នុងភូមិជន្លាត់ដៃ ឧបត្ថម្ភស្រ្តីទើបសម្រាលទារក និងគ្រោងរៀបចំផ្តល់ផ្ទះចំនួន០៨បន្តទៀត ដល់អ្នកក្រីក្រគ្នានទីពឹង ដែលសរុបថវិកាទាំងអស់ប្រមាណ ៧,០០០ដុល្លារ៕