(ភ្នំពេញ)៖ អតីតប្រមុខការទូតដ៏ចំណានរបស់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានហៅដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជាដំណើរទស្សនកិច្ចមួយដ៏ត្រឹមត្រូវ។ លោកឧបនាយករដ្ឋមន្ត្រី បានហៅក្រុមអ្នករិះគន់ ដែលមានអ្នកនយោបាយអាស៊ានមួយចំនួននោះ ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ គឺជាការរិះគន់ដោយមិនបានអាន និងមិនបានយល់ពីលក្ខខណ្ឌឯកច្ឆន្ទ (consensus) ទាំង៥ចំណុច សម្រេចដោយកិច្ចប្រជុំពិសេសរបស់អាស៊ានកាលពីខែមេសា ឆ្នាំ២០២១ នៅប្រទេសឥណ្ឌូនេស៊ី ដែលពេលនោះមានការចូលរួមពីលោក អោង មីង ឡាំង ផងដែរនោះ។

កាលពីថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២ ពោលក្រោយពេលកម្ពុជាទទួលបានសុពលភាពជាប្រធានអាស៊ានភ្លាម សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងបំណងដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអូសបន្លាយរយៈពេលជិតមួយឆ្នាំមកហើយនោះ។ ដំណើរទស្សនកិច្ចរបស់ទៅកាន់មីយ៉ាន់ម៉ានាពេលនោះ សម្តេចតេជោ បានប្រកាសថាធ្វើឡើងដោយឈរលើស្មារតីធម្មនុញ្ញអាស៊ាន និងគោរពតាមគោលការណ៍ឯកច្ឆន្ទទាំង៥ចំណុច ដែលអាស៊ានបានសម្រេចក្នុងកិច្ចប្រជុំពិសេសនៅប្រទេសឥណ្ឌូនេស៊ី កាលពីខែមេសា ឆ្នាំ២០២១។ កិច្ចប្រជុំពិសេសពេលនោះ លោកឧត្តមសេនីយ៍ អោង មីង ឡាំង មេដឹកនាំយោធារបស់មីយ៉ាន់ម៉ា ក៏ត្រូវបានអញ្ជើញចូលរួមផងដែរ។

គោលការណ៍ទាំង៥ចំណុចនោះរួមមាន៖ ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយគ្រប់ភាគីត្រូវបង្កើនការអត់ធ្មត់, ទី២៖ ចាប់ផ្ដើមការសន្ទនាប្រកបដោយស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី, ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន, ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌ និងទី៥៖ គឺប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ បើទោះបីត្រូវបានគេមើលឃើញថា ជាកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លាមួយរបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា និងបញ្ហារបស់អាស៊ានយ៉ាងណាក្តី ក៏ដំណើរទស្សនកិច្ចនេះបានរងការរិះគន់មួយចំនួនតូចពីសំណាក់អ្នកអត្ថាធិប្បាយនានា ក្នុងនោះរួមមានទាំងលោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីផងដែរ។

ឆ្លើយតបនឹងការរិះគន់នេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជាអតីតប្រមុខការទូតដ៏ប៉ិនប្រសប់មួយរូបរបស់កម្ពុជា បានពន្យល់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា មិនមានអ្វីខុសឆ្គងនោះឡើយ។ លោកឧបនាយករដ្ឋមន្ត្រី បានហៅដំណើរទស្សនកិច្ចនេះ គឺជាការបោះជំហានដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដោយឈរលើគោលការណ៍ឯកច្ឆន្ទទាំង ៥ចំណុច។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានវាយប្រហារទៅក្រុមអ្នករិះគន់ដំណើរទស្សនកិច្ចរបស់សម្តេចតេជោផងដែរថា ជាអ្នកមិនយល់ និងមិនបានអាននូវគោលការណ៍ឯក ច្ឆន្ទទាំង៥ចំណុចនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ «ខ្ញុំយល់ថា ការតិះទៀនសម្តេចកន្លងមកតាមរយៈសារព័ត៌មាន តាមបណ្តាអង្គភាពរបស់អ្នកនយោបាយអាស៊ាន គឺគេហាក់ដូចជាភ្លេចន័យសំខាន់របស់៥ចំណុចនេះ។ គេហាក់ដូចជាភ្លេចការតភ្ជាប់ពីចំណុចទី១ ដល់ចំណុចទី៥ គេហាក់ដូចជាមិនយល់ឡូហ្ស៉ិក របស់៥ចំណុចនេះ»

អតីតប្រមុខការទូតរបស់កម្ពុជារូបនេះបន្តថា «ខ្ញុំយល់ថា ដំណើរទស្សនកិច្ចនេះ គឺត្រឹមត្រូវបំផុត ដើម្បីជួយដល់បញ្ហារបស់មីយ៉ាន់ម៉ា ដែលជាបញ្ហារបស់អាស៊ាន ដោយសារកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាត្រូវយកជំហានដំបូង ដោះស្រាយបញ្ហាហ្នឹងលើមូលដ្ឋាន៥ចំណុចកុងសង់ស៊ីស»

លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្កើតយន្តការត្រីភាគី (ត្រយកា-Troika) ដែលមានសមាសភាពកម្ពុជា ព្រុយណេ និងឥណ្ឌូនេស៊ី ក្នុងការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ាផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បញ្ហាមីយ៉ាន់ម៉ា ជាបញ្ហាដែលមិនអាចដោះស្រាយបានក្នុងរយៈពេលខ្លីនោះឡើយ ដូច្នេះយន្តការត្រីភាគីនេះ គឺជាយន្តការយូរអង្វែងមួយលើការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។

«ការបង្កើតត្រយកា ជាគំនិតផ្តួចផ្តើមដ៏ល្អបំផុត ដើម្បីរួមគ្នា។ បញ្ហារបស់មីយ៉ាន់ម៉ា មិនមែនជាបញ្ហារបស់កម្ពុជាទេ ជាបញ្ហារបស់អាស៊ាន ទើបសម្តេចតេជោជាប្រធានអាស៊ាន បោះជំហានដំបូងទៅរកការដោះស្រាយលើ៥ចំណុចនេះ។ អត់មានអីខុសទេ»។ នេះជាការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

សូមបញ្ជាក់ថា មីយ៉ាន់ម៉ា កំពុងជួបនូវវិបត្តិនយោបាយក្នុងប្រទេស ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីក្រុមយោធា បានចាប់ខ្លួនលោកស្រី អោងសាន ស៊ូជី ដាក់ពន្ធនាគារ ក្រោយពេលគណបក្សរបស់លោកស្រីឈ្នះការបោះឆ្នោត។

វិបត្តិនេះត្រូវបានអូសបន្លាយអស់រយៈពេលប្រមាណមួយឆ្នាំមកហើយ រហូតប្រទេសមីយ៉ាន់ម៉ា មិនបានចូលរួមកិច្ចប្រជុំនានារបស់អាស៊ាននោះឡើយ កាលពីឆ្នាំ២០២១កន្លងទៅ។ អវត្តមានរបស់មីយ៉ាន់ម៉ា នៅអាស៊ាន ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាការបែកបាក់របស់អាស៊ាន។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញបំណងយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ជាពិសេសការនាំមីយ៉ាន់ម៉ាមកកាន់វេទិកាអាស៊ានជាដើម។ នៅដើមខែមករា ឆ្នាំ២០២២នេះ គ្រាន់តែបានក្លាយជាប្រធានអាស៊ានភ្លាម សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

តបតាមសំណើររបស់កម្ពុជាមេដឹកនាំយោធារបស់មីយ៉ាន់ម៉ា លោក អោង មីង ឡាំង បានយល់ព្រមពន្យារពេលបាញ់គ្នាជាមួយភាគីពាក់ព័ន្ធនៅក្នុងប្រទេស។ មេដឹកនាំយោធារូបនេះ បានយល់ព្រមជួយសម្របសម្រួលឱ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន អាចចូលជួបជជែកជាមួយភាគីជម្លោះនៅក្នុងមីយ៉ាន់ម៉ា និងជួយសម្របសម្រួលដល់ការផ្តល់ជំនួយទៅកាន់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា គ្រប់ភាគីទាំងអស់។

លទ្ធផលកើតចេញពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានចាត់ទុកជាជំហាន និងពន្លឺក្នុងការឈានទៅរកការដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ មានប្រទេសជាច្រើន បានគាំទ្រដល់លទ្ធផលនេះ៕