(ព្រះសីហនុ)៖ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈា ន ដល់ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗ នៅចំណុចម្តុំក្លោងទ្វារវត្តលើ ស្ថិតក្នុង ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ក្រោយទទួលបានការរាយការណ៍ ពីប្រជាពលរដ្ឋ តាមរយៈទូរសព្ទ (HOTLINE) ថា មានករណីឆក់ ។

យោងតាមរបាយការណ៍នគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានថា មានករណីចោរឆក់នៅចំណុច ម្តុំរោងចក្រស្រាបៀរអង្គរ ស្ថិតក្នុង ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ដោយជនសង្ស័យ ០១នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក M-SLAZ ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាបូបនារីជនជាតិខ្មែរ ម្នាក់ ដែលកំពុងជិះម៉ូតូ ០១គ្រឿង ម៉ាក SCOOPY ពណ៌ផ្កាឈូក រួចជិះរត់គេចខ្លួនបាត់។

ភ្លាមៗកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យបានភ្លាមៗតែម្តងនៅចំណុចម្តុំក្លោងទ្វារវត្តលើ ស្ថិតក្នុងភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

សម្ភារដែលជនរងគ្រោះបាត់បង់រួមមាន៖កាបូបដៃ១ ទូរស័ព្ទដៃ ១គ្រឿង ម៉ាក IPHONE 6PLUS ពណ៌ទឹកប្រាក់ កាតចាក់វ៉ាក់សាំង ១សន្លឹក និងឯកសារមួយចំនួនទៀតផងដែរ។ ករណីខាងលើនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងសួរនាំបន្តផងដែរ៕