(ភ្នំពេញ)៖ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) និងអភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំផ្ទៀងផ្ទាត់និងវាយតម្លៃ ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ របស់បេក្ខភាពខណ្ឌចំការមន។

លោក គឹម សេរីរដ្ឋ អគ្គលេខាធិការរង គ.ជ.វ.ទ និងជាប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ បានថ្លែងថា កិច្ចប្រជុំនេះ ជំរុញឲ្យខណ្ឌចំការមន ជាបេក្ខភាពប្រលងប្រណាំងទីក្រុងស្អាតសម្រាប់ ជ័យលាភីរំដួលបីទងនាឆ្នាំ២០២២ - ២០២៥។

លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានឲ្យដឹងថា ខណ្ឌចំការមនមានផ្ទៃដី ៧.១៥គីឡូម៉ែត្រការេ មានសង្កាត់ចំនួន ៥ ភូមិ ចំនួន ៣៨ មានប្រជាពលរដ្ឋសរុបចំនួន ៤ម៉ឺន៧ពាន់៥៣នាក់ គិតជាគ្រួសារប្រមាណ ៩៤៤២គ្រួសារ និងមានដង់ស៉ីតេ ៦៦០៦នាក់ ក្នុងមួយម៉ែត្រការេ។

សម្រាប់ការងារគ្រប់គ្រងសំណង់រឹង បានធ្វើយន្តការត្រួតពិនត្យតាមដានលើភ្នាក់ងារប្រមូលសំរាមដោយរួមមានការចុះកិច្ចសន្យារវាងគណៈអភិបាលខណ្ឌ ចៅសង្កាត់ទាំង៥ ក្រុមហ៊ុនស៉ិនទ្រី អំពីវេនបោស សម្អាតនិងដឹកជញ្ជូនសំរាម បានចុះអប់រំផ្សព្វផ្សាយសេចក្តីណែនាំអំពីការវេចខ្ចប់ ទុកដាក់សំរាមនិងពង្រឹងសេវាប្រមូលសំរាមនៅពេលបុណ្យផ្សេងៗ។ ក្នុងនោះផងដែរ ក៏បានបំពាក់ធុងសំរាមនៅតាមសួនច្បាបានសរុបចំនួន ១៥២ធុង និងបំពាក់ធុងដេប៉ូសំរាម ប្រភេទ ៧តោន បានចំនួន៣ នៅតាមផ្សារផងដែរ។

លោក ថេង សុថុល បានបន្ថែមឲ្យដឹងថា ចំពោះការងារអប់រំផ្សព្វផ្សាយ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធ ចុះយុទ្ធនាការផ្សព្វផ្សាយដែលមានការចូលរួមពីព្រះសង្ឃ និស្សិតនិងយុវជន ស.ស.យ.ក និងយុវជនកាយរិទ្ធ សម្អាតសំរាមនៅតាមបណ្តាសួន និងដងផ្លូវក្រោយពិធីបុណ្យអុំទូក។

ចំពោះការងារអនុវត្តយន្តការផាកពិន័យ រដ្ឋបាលខណ្ឌបានដាក់ស្លាកប៉ាណូស្តីពីការអប់រំការផាកពិន័យ ដែលកំណត់ដោយច្បាប់ដូចជា នៅតាមបណ្តោយលូ១០៥ តាមផ្សារទាំង២ ក្នុងខណ្ឌ និងសួនច្បារសាធារណៈសំខាន់ៗ និងបានបង្កើតភ្នាក់ងារផាកពិន័យតាមសង្កាត់ទាំង៥ ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខណ្ឌចំការមនបានក្រើនរំលឹកដល់ក្រុមការងារ ដែលមានមន្ទីរពាក់ព័ន្ធ ត្រូវរួមសហការក្នុងការបំពេញតាមសូចនាករណាដែលមិនទាន់បានអនុវត្ត ស្រង់ព័ត៌មានអំពីធុងសំរាមនៅតាមទីកន្លែងសំខាន់ៗ ដែលមានការឆ្លងកាត់ញឹកញាប់ ស្រង់សិ្ថតិអ្នកបើកបរមធ្យោបាយដឹកជញ្ជូន ស្រង់សិ្ថតិអំពីបណ្តាញប្រមូលសំណល់រាវ សកម្មភាពនៃការប្រមូល សំណល់រាវរបស់បណ្តាញនីមួយៗ និង ស្រង់ស្ថិតិការពេញចិត្តរបស់ភ្ញៀវទេសចរណ៍។

លោកអភិបាលខណ្ឌ ក៏បានសំណូមពរដល់ក្រុមការងារ និងលេខាធិកាដ្ឋានជំរុញ គ្រប់ការងារទាំងអស់ដែលពាក់ព័ន្ធទៅនឹងការដាក់ពាក្យសុំចូលរួមប្រឡងប្រណាំងទីក្រុងស្អាត តាមស្តង់ដាដែលបច្ចុប្បន្នភាពទីក្រុងស្អាតមានចំនួន ៧ សូចនាករគោលចំនួន៤១ សូចនាករលំអិត និង មាន១១៣ លក្ខណៈវិនិច្ឆ័យ ដើម្បីឱ្យខណ្ឌទទួលបានរំដួល ៣ទង ក្នុងការប្រលងប្រណាំងទីក្រុងស្អាត សម្រាប់ឆ្នាំ ២០២២-២០២៥។

គួរបញ្ជាក់ថា តារាងវាយតម្លៃនិងអនុញ្ញាតឲ្យធ្វើចំណាត់ថ្នាក់នៃទីក្រុង ខណ្ឌ ជ័យលាភីទៅតាមកម្រិតពិន្ទុដែលទទួលបាន ស្លាកសញ្ញាណ ៣ប្រភេទ និងត្រូវផ្តល់ជូនជាអនុគមន៍ទៅនឹងចំនួនពិន្ទុដែលទទួលបាន។ ប្រភេទនៃស្លាកសញ្ញា ឬរង្វាន់នឹងត្រូវកំណត់ដោយ គណៈកម្មាធិការវាយតម្លៃទីក្រុងស្អាត។ សម្រាប់ស្លាកសញ្ញារំដួល ៣ទង នឹងត្រូវប្រគល់ជូន ទីក្រុងណាដែលទទួលបានពិន្ទុចន្លោះពី៩០ និង១២០ (យ៉ាងហោចណាស់ស្មើនឹង៧៥% នៃចំនួនពិន្ទុសរុប)។ សម្រាប់ស្លាកសញ្ញារំដួល ២ទង នឹងត្រូវប្រគល់ជូន ទីក្រុងណាដែលទទួលបានពិន្ទុចន្លោះពី៧២ និង៨៩ (យ៉ាងហោចណាស់ស្មើនឹង៦០% នៃចំនួនពិន្ទុសរុប)។ សម្រាប់ស្លាកសញ្ញារំដួល ១ទង នឹងត្រូវប្រគល់ជូន ទីក្រុងណា ដែលទទួលបានពិន្ទុចន្លោះពី៤៨ និង៧១ (យ៉ាងហោចណាស់ស្មើនឹង៤០% នៃចំនួនពិន្ទុសរុប)។

សូមជម្រាបថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើឡើងរៀងរាល់ ៣ឆ្នាំម្តង ក្រោមការតាមដាន និងវាយតម្លៃដោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងគោលបំណងធ្វើឲ្យប្រទេសកម្ពុជាស្អាត និងបៃតង សេវាកម្មប្រកបដោយគុណភាពខ្ពស់ និងជួយជំរុញឲ្យគ្រប់កន្លែងទាំងអស់មានបដិសណ្ឋារកិច្ចល្អ៕