(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ពីតុលាការក្រុងភ្នំពេញ បានឲ្យដឹងថា​ លោក ស៊ាង ចែត មេឃុំស្រក របស់គណបក្សសម រង្ស៊ី នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅវេលាម៉ោង ៩៖០០នាទីព្រឹកថ្ងៃទី២៧ ខែមេសានេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ។

ករណីសំណុំរឿង លោក ស៊ាង ចែត លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកសាកសួរ។

លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននៅម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទៅតាមចម្លើយ ដែលអះអាងនៅក្នុងលិខិតចំហររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ដែលបានសារភាពថា មានស្នេហាលួចលាក់ជាមួយ លោក កឹម សុខា។ លោក ស៊ាង ចែត មេឃុំស្រក ដែលជាសមាជិករបស់គណបក្សសង្រ្គោះជាតិ បានយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់ស្រីមុំ កុំឱ្យនិយាយការពិត។

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ កញ្ញា ខុម ចាន់តារ៉ាទី ហៅ «ស្រីមុំ» បានសរសេរលិខិតជំហរមួយរៀបរាប់អំពីរឿងរ៉ាវរបស់នាង ក្រោយបែកធ្លាយសំឡេងខ្សែអាត់សាសងស្នេហា ជាមួយ លោក កឹម សុខា។ នៅក្នុងលិខិតនោះ ស្រីមុំ បាននិយាយអំពី លោក ស៊ាង ចែត មេឃុំស្រក ដែលជាសមាជិករបស់គណបក្សសង្រ្គោះជាតិ បានយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយរបស់នាង ដើម្បីឱ្យគាត់ជួយប្រាប់ស្រីមុំ កុំឱ្យនិយាយការពិត៕