(ភ្នំពេញ)៖ ប្រធាន​គណៈ​មេធាវី ​នៃកម្ពុជា​ លោក​ ប៊ុន​ ហុន​ មើល​ឃើញ​ថា​ ករណី​កញ្ញា​ ខុម​ ចាន់​តារ៉ាទី​ ហៅ​ស្រី​មុំ​ ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ពី​​ការ​បំពាន​ឯករាជ្យ​ភាព ​និង​សេរីភាព​វិជ្ជាជីវៈ​មេធាវី​។ ហេតុ​ដូច្នេះ​លោក​ ប៊ុន​ ហុន​ ស្នើ​ឲ្យ​លោក​ស្រី​មេធាវី​ ទ្រី​ ឈួន​ ដែល​ជា​អតីត​មេធាវី​ការពារ​សិទ្ធិ​កញ្ញា​ ស្រី​មុំ​ រាយការណ៍​មក​គណៈ​មេធាវី​ឲ្យ​បាន​ឆាប់​ ដើម្បី​ឲ្យ​គណៈ​មេធាវី​ ចាត់​វិធានការ​ស្រប​តាម​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ជាធរមាន​។

យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០១៦​ ដែល​មាន​កម្មវត្ថុ​ «ការ​រាយការណ៍​ពី​ការ​លំបាក​ពី​ការ​ការពារ​ក្ដី​ឲ្យ​កញ្ញា​ ខុម​ ចាន់​តារ៉ាទី​ ហៅ​ស្រី​មុំ​»​ លោក​ ប៊ុន​ ហុន​ ប្រធាន​គណៈ​មេធាវី​ បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​សមាគម​អាដហុក ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ ស្តី​ពី​ការ​មិន​បន្ត​ផ្តល់​មេធាវី​ការពារ ​ក្ដី​ចំពោះ​កញ្ញា​ ខុម​ ចាន់​តារ៉ាទី​ ហៅ​ស្រី​មុំ​ ចុះ​ថ្ងៃ​ទី​២២ ​ខែ​មេសា​ ឆ្នាំ​២០១៦​ រួច​មក​ គណៈ​មេធាវី​សង្កេត​ឃើញ​ បណ្ដាញ​សារព័ត៌មាន​នានា​ បាន​ផ្សាយ​ព័ត៌មាន​ផ្សេងៗ​គ្នា​ដែល​ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យ ​ពី​ការ​បំពាន​ឯករាជ្យ​ភាព ​និង​សេរីភាព​វិជ្ជាជីវៈ​មេធាវី​។ ហេតុ​ដូច្នេះ​ លោក​ ប៊ុន​ ហុន​ ស្នើ​ឲ្យ​លោក​ស្រី​មេធាវី​ ទ្រី​ ឈួន​ រាយការណ៍​ករណី​នេះ​មក​គណៈ​មេធាវី​ឲ្យ​បាន​ឆាប់​៕