(ភ្នំពេញ)៖​ នៅវេលាម៉ោង៣៖៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦​ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងត្រង់ចំណុចមុខផ្ទះលេខ​១៣ ផ្លូវ​៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រវាងម៉ូតូស្គុបភីពណ៌ស ពាក់​ស្លាកលេខ ភ្នំពេញ 1FH-1593 និងម៉ូតូកង់បី បើកបរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យអ្នក​បើកម៉ូតូស្លាប់ នៅកន្លែងកើតហេតុ​យ៉ាងអាណោចអាធ័ម ដោយជនរងគ្រោះ បានបែកក្បាលហូរ​ឈាម​ជោក​ផ្លូវ ហើយដងខ្លួន​ដេក​នៅលើម៉ូតូ មើលទៅគួរឲ្យអាសូរយ៉ាងខ្លាំង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយបង្កគ្រោះថ្នាក់​ចរាចរណ៍រួច ខាងអ្នកបើកម៉ូតូកងបី​បានបើករត់​គេចខ្លួន​បាត់ស្រមោលតែម្តង។

បើតាមសមត្ថកិច្ចជនរងគ្រោះឈ្មោះ លី សុខជឿន អាយុ៣៧ឆ្នាំ ផ្ទះលេខ94C ផ្លូវ​92 ភូមិ​ត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។​

សពត្រូវបានក្រុមគ្រួសារ​ ដឹកយកទៅធ្វើបុណ្យតាម​ប្រពៃណី​ ចំណែក​ម៉ូតូត្រូវ​បានយកទៅរក្សា​ទុកនៅចរាចរណ៍ ក្រុងភ្នំពេញ​​រង់ចាំប្រគល់ទៅ​ឲ្យសាច់ញាតិជនរងគ្រោះ៕