(ភ្នំពេញ)៖ ផ្លូវជាតិលេខ៥៦ប្រវែងជាង ១០០គីឡូម៉ែត្រ ភ្ជាប់ពីក្រុងសិរីសោភ័ណ្ណ ខេត្តបន្ទាយមានជ័យ ទៅកាន់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់រួចហើយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥៦ គឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយទៀតលើទឹកដីអតីតសមរភូមិប្រយុទ្ធរវាងខ្មែរ និងខ្មែរ កាលពីអំឡុងទសវត្សររ៍ឆ្នាំ៨០ រហូតដល់ចុងទសវត្សរ៍ឆ្នាំ៩០។ សម្តេចនាយករដ្ឋមន្រ្តី បានហៅសមិទ្ធផលផ្លូវភ្ជាប់ពីខេត្តបន្ទាយមានជ័យ-ទៅឧត្តរមានជ័យ ដែលមិនធ្លាប់មានមុនមកនេះ គឺជាសមិទ្ធផល ដែលកើតចេញពីសន្តិភាព និងការរួបរួមសាមគ្គីរវាងខ្មែរ និងខ្មែរ ក្រោយគោលនយោបាយបង្រួបបង្រួមជាតិ ឬនយោបាយឈ្នះឈ្នះនោះ។

សមិទ្ធផលផ្លូវជាតិលេខ៥៦ មិនត្រឹមតែក្លាយជាសរសៃឈាមតភ្ជាប់ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ និងជាការតភ្ជាប់ខេត្តនៅភាគពាយ័ព្យប្រទេសកម្ពុជានោះទេ តែវាក៏បានធ្វើឲ្យប្រជាពលរដ្ឋ ដែលធ្លាប់រស់នៅដោយការភ័យក្លាចដោយសារសំឡេងអាវុធ ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានរីករាយសប្បាយចិត្តផងដែរ។

ក្រុមប្រជាពលរដ្ឋនៅលើទឹកដីអតីតសមរភូមិប្រយុទ្ធមួយនេះ បានថ្លែងថា ការធ្វើដំណើរ និងជីវភាពរបស់ពួកគាត់បានល្អប្រសើរច្រើន បើធៀបនឹងពេលដែលផ្លូវជាតិលេខ៥៦ មិនទាន់សាងសង់ឡើង៕

ខាងក្រោមជាបទសម្ភាសន៍ខ្លីរវាងប្រជាពលរដ្ឋក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាមួយ Fresh News ពីកន្លែងដែលនាយករដ្ឋមន្រ្តីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៦៖