(ភ្នំពេញ)៖ លោក លឹម ចុក ហ៊ុយ (LIM Jock Hoi) អគ្គលេខាធិការអាស៊ាន តំណាងរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន បានសន្យានឹងខិតខំធ្វើការជាមួយបណ្តាសមាជិកអាស៊ានទាំងអស់ ដើម្បីបើកវិស័យទេសចរណ៍អាស៊ានឡើងវិញ ក្នុងនោះក៏មានការអនុវត្តរបៀងអាស៊ាន សម្រាប់ការធ្វើដំណើរ ដែលស្នើដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។ នេះបើតាម លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន។

ការលើកឡើងរបស់តំណាងរដ្ឋមន្រ្តីទេសចរណ៍ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ អនុញ្ញាតឱ្យ លោក រួមជាមួយបណ្តារដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។

ដោយសារស្ថានភាពបច្ចុប្បន្នមានការធូរស្រាលច្រើនហើយ នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើជំរុញឡើងវិញនូវការធ្វើដំណើរនៅក្នុងតំបន់អាស៊ាន ជាពិសេសអាស៊ានគួរពិនិត្យឡើងវិញក្នុងការជំរុញឱ្យប្រជាពលរដ្ឋធ្វើដំណើរសម្រាប់វិស័យទេសចរណ៍ ហើយក៏ស្នើឱ្យកិច្ចប្រជុំទេសចរណ៍អាស៊ាន ពិនិត្យមើលឡើងវិញដោយសារទេសចរណ៍ផ្នែកមួយសំខាន់នៃសេដ្ឋកិច្ច ហើយសំខាន់ក្នុងការធ្វើទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។

ជាការឆ្លើយតប លោក លឹម ចុក ហ៊ុយ (LIM Jock Hoi) អគ្គលេខាធិការអាស៊ាន តំណាងរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន បានសន្យាថា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាសមាជិកអាស៊ានទាំងអស់ក្នុងការធ្វើយ៉ាងណាបើកវិស័យទេសចរណ៍អាស៊ានឡើងវិញ។ លោកបានបន្តថា អ្វីដែលសម្តេចបានស្នើឱ្យអាស៊ាន រៀបចំបើក និងអនុវត្តរបៀងអាស៊ានសម្រាប់ការធ្វើដំណើររបស់អាស៊ាន គឺយើងមានផែនការក្នុងការបើក និងជំរុញ ជាពិសេសរបៀងទេសចរណ៍អាស៊ាន នាពេលខាងមុខនេះ ជាពិសេសផ្នែកផ្សេងៗទៀតមានសុខាភិបាល ដឹកអញ្ជូន និងការបរទេស។

អគ្គលេខាធិការអាស៊ាន ក៏បានសន្យាថា នឹងខិតខំធ្វើការជាមួយសមាជិកអាស៊ាន ពាក់ព័ន្ធវិស័យមួយចំនួនធ្វើយ៉ាងជំរុញឱ្យអនុវត្តបាននូវការធ្វើដំណើរតាមរបៀបទេសចរណ៍អាស៊ាននេះ។ ប៉ុន្តែអ្វីដែលចាំបាច់ គឺរៀបចំឱ្យមានផែនការសកម្មភាព ហើយការងារនេះនឹងលើកមកពិភាក្សានៅក្នុងខែមីនាខាងមុខនេះខាងមុខនេះ។

លោកអគ្គលេខាធិការអាស៊ាន បានសន្យាថា នឹងធ្វើការនេះជាមួយវិស័យពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍អាស៊ានកម្រើកឡើងវិញ ហើយលោកក៏បានថ្លែងអំណរគុណចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានផ្តល់ភាពកក់ក្តៅ និងលើកទឹកចិត្ត ជាពិសេសសារក្នុងសុន្ទរកថារបស់សម្តេចដែលជំរុញ ធ្វើយ៉ាងណាឱ្យអាស៊ានខិតខំ ធ្វើឱ្យវិស័យទេសចរណ៍ប្រសើរជាមុន និងចូលរួមចំណែកក្នុងការធ្វើឱ្យសេដ្ឋកិច្ចតំបន់ប្រសើរជាងមុន។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងភាពរីករាយហើយសង្ឃឹមថា អាស៊ាននឹងខិតខំធ្វើការងារនេះទាំងអស់គ្នានៅក្នុងក្របខណ្ឌអាស៊ានផង និងជាមួយដៃគូសេដ្ឋកិច្ចអាស៊ានផង ដើម្បីជំរុញវិស័យទេសចរណ៍ ក៏ដូចជាវិស័យផ្សេងៗទៀតដូចជា សេដ្ឋកិច្ចជាដើម៕