(ភ្នំពេញ)៖ រដ្ឋបាលព្រៃឈើ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានបើកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព្រៃឈើឆ្នាំ២០២១ និងទិសដៅអនុវត្ដបន្ត ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី)។

កិច្ចប្រជុំនេះក្រោមអធិបតីភាពលោក អ៊ុង សំអាត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ រួមនឹងវត្តមាន លោក លោកស្រី ថ្នាក់ដឹកនំាក្រសួង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ចូលរួមផងដែរ។

នាឱកាសនោះដែរ លោកបណ្ឌិត កែវ អូម៉ាលីស្ស គូសបញ្ជាក់ថា រដ្ឋបាលព្រៃឈើរៀបចំកិច្ចប្រជុំនេះ គឺដើម្បីធ្វើការត្រួតពិនិត្យ បូកសរុប និងវាយតម្លៃលទ្ធផលការអនុវត្ដការងារក្នុងវិស័យព្រៃឈើ ដែលសម្រេចបានក្នុងឆ្នាំ២០២១កន្លងទៅ។

លោកបណ្ឌិតបានបន្ថែមថា «ក្នុងកិច្ចប្រជុំនេះ យើងក៏នឹងមានបទបង្ហាញពាក់ព័ន្ធបច្ចុប្បន្នភាព នៃការអនុវត្តការងារ ព្រមទាំងពិភាក្សាអំពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណូមពរ ដោយស្នើផ្តល់ធាតុចូលសំខាន់ៗសម្រាប់ជាទិសដៅការងារអាទិភាពក្នុងការអនុវត្តការងារឆ្នាំ២០២២ ឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់ស្ដីពីព្រៃឈើ កម្មវិធីព្រៃឈើជាតិ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ដ្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន សំដៅដល់ការគ្រប់គ្រង និងអភិវឌ្ឍវិស័យព្រៃឈើប្រកបដោយប្រសិទ្ធភាព»។

ក្នុងនាមរដ្ឋមន្រ្តីកសិកម្ម, លោក អ៊ុង សំអាត បានវាយតម្លៃខ្ពស់ និងសូមសម្តែងនូវការកោតសរសើរចំពោះការខិតខំតស៊ូបំពេញភារកិច្ច និងកិច្ចសហការល្អរបស់លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ និងសត្វព្រៃ ទទួលបានលទ្ធផលល្អប្រសើរនាឆ្នាំកន្លងមក។

ជាមួយគ្នានេះដែរ លោកក៏ស្នើឱ្យមានការពិភាក្សា ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយនានា ចំពោះបច្ចុប្បន្នភាពនៃការងារដែលកំពុងកើតមាន សំដៅដល់ការគ្រប់គ្រង និងអភិវឌ្ឍវិស័យព្រៃឈើប្រកបដោយប្រសិទ្ធភាព។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក អ៊ុង សំអាត ក៏បានលើកយកពីការចាក់វ៉ាក់សាំងមកបញ្ជាក់ជូនក្នុងកិច្ចប្រជុំផងដែរថា ក្រោមការដឹកនាំ និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានខិតខំស្វះស្វែងរកនូវវ៉ាក់សាំងការពារ ទប់ស្កាត់ ពីការឆ្លងរីករាលដាលក្នុងផ្ទៃប្រទេសទាំងមូលទាំងការអំពាវនាវទិញ ការទទួលជំនួយវ៉ាក់ពីបណ្តាប្រទេសនានា ជាពិសេសវ៉ាក់សាំងពីប្រទេសជាមិត្ត របស់មិត្តចិនទាំងការទិញ និងការផ្តល់នូវជំនួយមនុស្សធម៌ «វ៉ាក់សាំង» ដើម្បីបានចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោកក៏បានអំពាវនាវដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់់សាំងដូសទី១ ទីដូស២ និងទីដូស៣ ត្រូវរួសរាន់ទៅចាក់ឱ្យបានគ្រប់ៗគ្នាដើម្បីការពារខ្លួនពីការឆ្លងមេរោគកូវីដ១៩ ជាពិសេសមេរោគកូវីដប្រភេទបំប្លែងថ្មី «អូមីក្រុង» ខណៈមេរោគប្រភេទថ្មីនេះមានការឆ្លងរីករាលដាលលឿន និងរហ័សខ្លាំងនៅតាមបណ្តាប្រទេសនានានៅលើពិភពលោក។

លោកសង្ឃឹម និងជំនឿដ៏មុតមាំថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព្រៃឈើឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ គឺជាឱកាសដ៏ល្អមួយសម្រាប់មន្ដ្រីរដ្ឋបាលព្រៃឈើទាំងអស់ ចូលរួមចែករំលែកបទពិសោធន៍ បញ្ហាប្រឈម សំណូមពរ ដើម្បីស្វែងរកដំណោះស្រាយ និងកំណត់ទិសដៅអនុវត្តបន្តប្រកបដោយប្រសិទ្ធិភាព និងសក្កិសិទ្ធភាព ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យព្រៃឈើរបស់រាជរដ្ឋាភិបាល៕