(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ លោក ម៉ៅ ហាក់ ប្រធានមុខព្រួញរាជធានីភ្នំពេញ មន្រ្តីបច្ចេកទេសនិងតំណាងក្រុមហ៊ុន GDFC បានចុះពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ និងខេត្តកំពង់ស្ពឺ ដែលទទួលជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន។

តាមរបាយការណ៍ពីក្រុមការងារបច្ចេកទេសក្នុងពេលចុះពិនិត្យ បានឲ្យដឹងថា ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រខាងលើនេះ បានចាប់ផ្តើមនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ គឺសម្រេចបានប្រមាណ ២២% លើផែនការកំណត់។

គោលបំណងរបស់គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត គឺកាត់បន្ថយគ្រោះមហន្តរាយទឹកជំនន់យាយីតាមសណ្តរស្ទឹងព្រែកត្នោតជាពិសេសខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងបង្កើនផ្ទៃដីដាំដុះ ដែលមានលទ្ធភាពជួយការពារ និងកាត់បន្ថយគ្រោះទឹកជំនន់លើទំហំផ្ទៃដីប្រមាណ ២៤៥គីឡូម៉ែត្រក្រឡា ហើយមានលទ្ធភាពស្រោចស្រពដីស្រែប្រាំង ១០.១៥០ហិកតា និងស្រូវវស្សា ១៧.៧៣០ហិកតា។

សូមបញ្ជាក់ថា ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ និងខេត្តកំពង់ស្ពឺនេះ ត្រូវបានដឹកនាំផ្ទាល់ដោយឯកឧត្តមរដ្ឋមន្រ្តីក្នុងការរៀបចំផែនការ និងសហការជាមួយដៃ គូអភិវឌ្ឍន៍ ព្រមទាំងប្រទេសជាមិត្ត ដើម្បីឆាប់អនុវត្តគម្រោងដ៏មានអត្ថប្រយោជន៍នេះ ក្នុងការបន្ថយផលប៉ះពាល់ និងបញ្ជៀសគ្រោះមហន្តរាយនានាតែងតែយាយីដល់ភាគខាងលិច រាជធានីភ្នំពេញដែលកំពុងមានការ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

ក្មុងឱកាសចុះពិនិត្យជាក់ស្តែងនេះ លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារដែលសម្រេចតាមផែនការគ្រោងទុក ក្រោមកិច្ចសហការល្អប្រសើររវាងក្រុមការងារអនុវត្តគម្រោង មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ លោករដ្ឋមន្រ្តី បានណែនាំបន្ថែមនូវបច្ចេកទេសអនុវត្តការងារ ដើម្បីធានាគុណភាពសំណង់ខាងលើ ប្រើប្រាស់ឲ្យបានយូរអង្វែងសម្រាប់ពេលបច្ចុប្បន្ន និងអនាគត៕