(ភ្នំពេញ)៖ យ៉ាងហោចណាស់មានទណ្ឌិត២៩៤នាក់ នៅតាមពន្ធនាគារ​ខេត្តចំនួន១២ ក្នុងប្រទេសកម្ពុជា ត្រូវបានក្រសួងយុត្តិធម៌ យកមកពិភាក្សាដើម្បីលើកលែង និងបន្ធូបន្ថយទោស នៅក្នុងឱកាស​បុណ្យពិសាខបូជា នាពេលខាងមុខនេះ។ នេះបើតាមការបញ្ជាក់ ពីមន្រ្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦។

អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានប្រជុំពិភាក្សា និងពិនិត្យតឹងរឹងបំផុត សម្រាប់ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស។

សូមជំរាបថា ការលើកលែងទោស និងបន្ធូបន្ថយទោសដល់ទណ្ឌិតទូទាំងប្រទេសកម្ពុជា តែងត្រូវបានធ្វើឡើងបីលើកក្នុងមួយឆ្នាំ ដែលក្នុងនោះមានបុណ្យចូលឆ្នាំថ្មី វិសាខបូជានិងបុណ្យអុំទូក។ សម្រាប់ទណ្ឌិតទាំងនេះមានទាំងប្រព្រឹត្តិបទល្មើសមជ្ឈឹមដល់ឧក្រិដ្ឋ ប៉ុន្តែយ៉ាងណាអ្នកទោស ដែលត្រូវបានគណៈកម្មាធិការ​លើកយកមកវាយតម្លៃ​នេះចាំបាច់ត្រូវអនុវត្តទោស​យ៉ោងហោចណាស់​២ភាគ៣ហើយពិសេស​មានការអនុវត្តខ្លួនបានល្អនៅពេលជាប់ពន្ធនាគារថែមទៀត៕