(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង លោក គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះពិនិត្យមើលការជីកស្រះ យកទឹកជូនប្រជាពលរដ្ឋប្រើប្រាស់នៅអំពិល ឃុំពង្រ ស្រុកចុងកាល់ និងចុះ ពិនិត្យមើលការដឹកជញ្ជូនទឹកចែកជូន ប្រជាពលរដ្ឋនៅសង្កាត់អូរស្មាច់។

លោកទេសរដ្ឋមន្ត្រីញឹមវណ្ណដាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់​គ្រងគ្រោះ​មហន្តរាយបានជំរាប​ជូនបងប្អូនប្រជាពលរដ្ឋថា «ដោយសារ ស្ថានភាពធាតុអាកាសក្តៅធ្វើឲ្យតំបន់មួយចំនួន ក្នុងប្រទេសរបស់យើងប្រឈម និងការហួតហែង និងខ្វះទឹកសំរាប់ប្រើប្រាស់ របស់ប្រជាពលរដ្ឋ ដោយឡែកខេត្តឧត្តរមានជ័យ ក៏ប្រឈមនិងការខ្វះខាតទឹកប្រើប្រាស់ដែរ»

ផ្អែកតាមសំណើររបស់លោក ស ថាវី អភិបាលខេត្ត ដែលបានស្នើរសុំទៅសម្តេចប្រមុខរាជរដ្ឋាភិបាលតាមរយៈ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល​បានផ្តល់ថវិកា បុរិប្រទានចំនួន៧០លានរៀលដល់ខេត្តសំរាប់ប្រើប្រាស់ក្នុងការធ្វើអន្តរាគមន៏ផ្សេងៗជូនប្រជាពលរដ្ឋ។

ចំពោះលោក គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តក្នុងឱកាសចុះពិនិត្យមើលការជីកស្រះនៅភូមិអំពិល ឃុំពង្រ ស្រុកចុងកាល់ លោកបានស្នើរឲ្យអជ្ញាធរខេត្ត ជីករបៀបជាអណ្តូង ឲ្យបានច្រើនកន្លែងដើម្បីបំពេញសេចក្តីត្រូវការជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះអជ្ញាធរខេត្តរួម និងកងកំលាំងប្រដាប់អាវុធបាននិងកំពុងតែខិតខំយកអស់កំលាំកាយចិត្តដឹកទឹកចែកជូន ប្រជាពលរដ្ឋ ប្រើប្រាស់ និងកន្លែងខ្លះទៀត យើងជីកជាស្រះតែម្តង​ហើយលោក​អភិបាលខេត្តក៏បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់ថវិការចំនួន៧០លានរៀល ដល់ខេត្តសំរាប់​យកមកអន្តរាគមន៍លើគ្រោះមហន្តរាយក្នុងខេត្ត។

លោក ស ថាវី ក៏បានធ្វើការអំពាវនាវឲ្យអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន និងសមាគមន៍ អង្គការក្រៅរដ្ឋាភិបាលនានាក្នុង ខេត្តចូលរួមជាមួយ អជ្ញាធរដឹក ទឹកចែក ជូនប្រជាពលរដ្ឋតាម ឬក៏អាចចូល​ជាថវិការ និងសម្ភារៈក៏បាន៕