បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា បណ្ដឹងតវ៉ានេះ មានដើមបណ្ដឹងឈ្មោះ៖

ទី១៖ ដួង វិចិត្រ ភេទប្រុស កើតថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៥៥
ទី២៖ អ៊ុន សុគន្ធី ភេទស្រី កើតថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៥៥
ទី៣៖ ដួង ចិន្ដាមុនី ភេទស្រី កើតថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៨៦
ទី៤៖ ដួង វិរៈ ភេទប្រុស កើតថ្ងៃទី០៧ ខែឧសភា ឆ្នាំ១៩៨៨
ទី៥៖ ដួង វិសាល ភេទប្រុស កើតថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩៤

គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៥រូបនេះ បានប្ដឹងតវ៉ាទៅនឹងការសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់ផ្សារចាស់ ដែលបានសម្រេចលុបឈ្មោះរបស់ពួកគាត់ចេញពីបញ្ជីបោះឆ្នោត។

យោងតាមមាត្រា ៤៦ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋទាំង ៥រូបខាងលើ ពុំបានបំពេញលក្ខខណ្ឌមានទីលំនៅ ឬទីសំណាក់ក្នុងឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោតនោះទេ។

យោងតាមមាត្រា ៥១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឈ្មោះប្រជាពលរដ្ឋទាំង ៥រូបនេះ ត្រូវបានស្រង់ចូលក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុពួកគាត់បានផ្លាស់ប្ដូរទីលំនៅចេញពីសង្កាត់ផ្សារចាស់ ទៅសង្កាត់ស្ទឹងមានជ័យទី១។

តាមប្បញ្ញត្តិដូចចែងក្នុងមាត្រាទាំង ២ ខាងលើ គ.ជ.ប សម្រេចតម្កល់សេចក្ដីសម្រេចលេខ ០០១/២២ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ទុកជាបានការពេញទាំងមូល។

ចំពោះអ្នកប្ដឹង ឬតំណាងដែលមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់ គ.ជ.ប អ្នកប្ដឹង ឬតំណាងអាចប្ដឹងតវ៉ា ឬប្ដឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្ដីសម្រេច (ទម្រង់បែបបទ ១២០៣)៕