(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានជំនុំជម្រុះលើបណ្ដឹង/សំណុំរឿងលេខ ០០១ បានសម្រេចតម្កល់សេចក្តីសម្រេចលេខ ០០១/២២ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាប្រជុំសម្រេចសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានដើមបណ្ដឹងផ្ទាល់ឈ្មោះ ដួង វិចិត្រ និងជាតំណាងប្រជាពលរដ្ឋចំនួន ៤រូប ទុកជាបានការពេញទាំងមូល។

ការតម្កល់សម្រេចរបស់ក្រុមប្រឹក្សាប្រជុំសម្រេចសង្កាត់ផ្សារចាស់ គឺបានធ្វើឡើងពេញមួយរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងលេខ ០០១។ អង្គជំនុំជម្រុះនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៥រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ នៅទីស្ដីការ គ.ជ.ប។

គ.ជ.ប បានសម្រេចទទួលពាក្យបណ្តឹងរបស់លោក ដួង វិចិត្រ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ទុកជាត្រឹមត្រូវតាមទម្រង់ ប៉ុន្តែ បដិសេធចោលដោយខុសនឹងគតិច្បាប់។

បើតាមលោក ប្រាជ្ញ ចន្ទ បានឱ្យដឹងថា សេចក្តីសម្រេចនេះក្រុមប្រឹក្សាជំនុំជម្រុះនឹងប្រកាសជាសាធារណៈ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅចំពោះមុខដើមបណ្តឹង និងបើកផ្លូវតវ៉ា ទៅក្រុមប្រឹក្សាធម្មនុញ្ញតាមកំណត់ច្បាប់។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពន្យល់ថា «ការសម្រេចកម្កល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជុំសម្រេចសង្កាត់ផ្សារចាស់ លើបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋចំនួន៥នាក់ ដែលធ្លាប់រស់នៅសង្កាត់ផ្សារចាស់ ដោយបានផ្លាស់ទីលំនៅទៅសង្កាត់ស្ទឹងមានជ័យ១ ហើយបើយោងតាមមាត្រា៥១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺតម្រូវឱ្យស្រង់ឈ្មោះអ្នកដែលលុបចេញពីបញ្ជី អញ្ចឹងក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាអ្នកគ្រប់គ្រងសង្កាត់ផ្សារចាស់ បានស្រង់បញ្ជីឈ្មោះដើម្បីធ្វើការលុបឈ្មោះ ប៉ុន្តែ ដោយសារតែសាមីខ្លួនទៅរស់នៅសង្កាត់ស្ទឹងមានជ័យ១ អត់បានចុះឈ្មោះនៅក្នុងកំឡុងពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសពីការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នោះទេ ប៉ុន្តែ ប្រជាពលរដ្ឋបែរជាមកប្តឹងតវ៉ារក្សាទុកឈ្មោះរបស់ពួកគាត់ឱ្យនៅដដែល»

លោក ហង្ស ពុទ្ធា បានពន្យល់បន្ថែមថា «សម្រាប់ក្រុមប្រឹក្សាជំនុំជម្រុះ គឺបានពិភាក្សាគ្នាដោយផ្អែកលើច្បាប់ ត្រង់មាត្រា៦១ មាត្រា៤៦ និងមាត្រា ៥១នៃច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ខណៈច្បាប់នេះ គឺតម្រូវឱ្យប្រជាពលរដ្ឋ ដើម្បីមានឈ្មោះក្នុងបញ្ជីទាល់តែមានអាស្រយដ្ឋានក្នុងឃុំ សង្កាត់ ដែលសាមីខ្លួនត្រូវបោះឆ្នោត ក៏ប៉ុន្តែ ជាក់ស្តែងសាមីខ្លួនលោកបានផ្លាស់ទីលំនៅពីសង្កាត់ផ្សារចាស់ទៅរស់នៅសង្កាត់ស្ទឹងមានជ័យ១ ទៅហើយ អញ្ចឹងទើបក្រុមប្រឹក្សាជំនុំជម្រុះបានសម្រេចចិត្តរក្សាទុកការសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់ផ្សារចាស់នេះនៅដដែល»

សូមជម្រាបជូនថា បណ្តឹងខាងលើនេះ មានកម្មវត្ថុប្ដឹងតវ៉ានឹងសេចក្ដីសម្រេចលេខ ០០១/២២ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាប្រជុំសម្រេចសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានដើមបណ្ដឹងផ្ទាល់ឈ្មោះ ដួង វិចិត្រ និងជាតំណាងប្រជាពលរដ្ឋចំនួន ៤រូប៕