(រតនគិរី)៖ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរជុំ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ បានចេញបង្ក្រាបរថយន្ត Tundra មួយគ្រឿង ដឹកឈើប្រណិតពេញ ខណៈកំពុងធ្វើដំណើរ​លើផ្លូវជាតិ​លេ​ខ​៧៨A ត្រង់ចំណុចភូមិកាឡៃ១ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី បំណងឆ្ពោះទៅកាន់ប្រទេសវៀតណាម។ ម្ចាស់រថយន្ត Tundra ដឹកឈើនេះត្រូវបានគេដឹងថា របស់ឈ្មួញដ៏ល្បីម្នាក់​ប្រចាំនៅ​ខេត្ត​រតនគិរី ដែលតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិត ឲ្យឈ្មួញវៀតណាមជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនដែលធ្វើការបង្ក្រាបនោះទេ។

បច្ចុប្បន្នរថយន្ត Tundra ខាងលើនេះត្រូវបាននាំយកមក​​រក្សាទុកនៅ​ខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី​ដើម្បីចាត់ការបន្តទៀត។ មន្ត្រីរដ្ឋបាលព្រៃឈើ បានប្រាប់ឲ្យដឹងថារថយន្ត​ដឹកឈើប្រណិត​នេះមានចំនួន​១៩៥ដុំ​ស្មើនឹង១,៨៦៣ម៉ែត្រគូបប្រភេទធ្នង់៕