(កំពង់ធំ)៖ លោក គៀង សេងគី មេឃុំត្បូងក្រពើ ស្រុកសន្ទុក បានជំរុញមាតាបិតាសិស្សឲ្យកូនសិក្សារៀនសូត្រ យ៉ាងហោចណាស់ចប់កម្រិតមូលដ្ឋាន។

លោកបានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាល និងផ្តល់សម្ភារសិក្សាដល់សិស្សានុសិស្សជាង៥០០នាក់ នៅវត្តមនីពោធិញ្ញាណ ក្នុងភូមិអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។

លោក គៀង សេងគី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៉ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មឧស្សាហកម្ម និងអប់រំដែលកំពុងតែដើរតួនាទី យ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជា និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ រួមទាំងដោះស្រាយបញ្ហាប្រឈមនានាផងដែរ។

លោកអំពាវនាវដល់មាតាបិតាត្រូវជំរុញការសិក្សារៀនសូត្រដល់កូនព្រោះការសិក្សាត្រូវពឹងផ្អែកទៅលើខ្លួនឯង ដោយមានការព្យាយាម អំណត់អត់ធ្មត់ យកចិត្តទុកដាក់គ្រប់ពេលវេលា ហើយមាតាមិតាត្រូវជួយទំនុកបម្រុង និងជួយជំរុញលើកទឹកចិត្តបន្ថែម។

បន្ថែមពីនេះ ការអប់រំឱ្យមានការផ្លាស់ប្ដូរ គឺជួយឱ្យកូនខ្មែរទាំងអស់បានផ្ដល់នូវការយកចិត្តទុកដាក់ និងរិះរកគ្រប់មធ្យោបាយក្នុងការទទួលបាននូវយន្តការជ្រើសរើស សម្រាប់កសាងមូលដ្ឋានគ្រឹះនៃការផ្លាស់ប្ដូរ តាមរយៈការ គិតពិចារណា ដើម្បីបង្កើតជំនឿចិត្តដល់នូវសេចក្តីសង្ឃឹម ដែលជាថាមពលជំរុញរាល់សកម្មភាព និងការទទួលខុសត្រូវដែលខ្លួនបានធ្វើចំពោះខ្លួនឯង អ្នកដទៃ គ្រួសារ និងសង្គមជាតិហើយកាលណា «ទំពាំងរីកលូតលាស់ បានល្អអាស្រ័យលើឫស្សីជួយជ្រោមជ្រែង»

លោក គៀង សេងគី បានបន្តទៀតថា វិស័យពុទ្ធចក្រនិងអាណាចក្រត្រូវដើរទទឹមគ្នាដោយបំពេញឲ្យគ្នាទៅវិញទៅមក ក្នុងការជួយឲ្យសង្គមកម្ពុជាឲ្យមានការរីកចម្រើន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ បើប្រទេសអសន្តិសុខ អ្វីៗក៏មិនអាចកើតឡើងបាននោះដែរ តែបើស្រុកទេសសុខសប្បាយ សន្តិសុខសុវត្ថិភាពពេញលេញ មានស្ថិរភាពនយោបាយ ច្បាស់ណាស់ប្រជាពលរដ្ឋ មានសិទ្ធិសេរីភាព ប្រកបរបរបានដោយសេរី មានជីវភាពធូរធារ ប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ដូចកម្ពុជាសព្វថ្ងៃនេះ។

លោកបានរំលឹកថា កូនខ្មែរគ្រប់រូប ទាំងជំនាន់មុន ជំនាន់នេះ ជំនាន់ក្រោយតទៅអនាគត ត្រូវនាំគ្នាលើកតម្កើងកិត្តិយសជាតិ តាមរយៈការរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយឲ្យរឹងមាំ។ លោកបានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវមានជំនឿលើខ្លួនឯងជឿការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាបន្តដំណើរលើនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាបន្តទៀត។

ជាមួយគ្នានោះដែរ លោក គៀង សេងគី បានថ្លែងអំណរគុណដល់ព្រះសង្ឃ និងសប្បុរសជនជិតឆ្ងាយដែលតែងតែជួយដល់ប្រជាពលរដ្ឋក្នុងឃុំត្បូងក្រពើ ដើម្បីទទួលបានការអភិវឌ្ឍផងដែរ។

គួរបញ្ជាក់ថា សិស្សានុសិស្ស៥០២នាក់ ទទួលបានសៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ជ័រលុប និងថវិកាមួយចំនួន លោកគ្រូ អ្នកគ្រូ ក្រមា១ និងថវិកាមួយចំនួនផងដែរ៕