(ភ្នំពេញ)៖ នេះជាថ្ងៃទី៤ហើយ ដែលក្រុមការងារចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៃរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលខណ្ឌ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៤ ជូនមន្ត្រីជួរមុខ និងប្រជាពលរដ្ឋ សម្រាប់រយៈពេលកន្លះខែ។

ស្របជាមួយគ្នានេះ រដ្ឋបាលខណ្ឌ ក៏កំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់កុមារអាយុចាប់ពី៥ឆ្នាំឡើងទៅ ទាំងដូសទី១ ដូសទី២ (ដូសមូលដ្ឋាន) និងដូសជុំរុញ ដូសទី៣ ស្ថិតនៅវត្តទួលសុវណ្ណារាម (ទួលសង្កែ) នៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ និងនៅមណ្ឌលសុខភាពគីឡូម៉ែតលេខ៩ គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ឯក ឃុនដឿន ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានបើកកិច្ចកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ស្តីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនមន្ត្រីជួរមុខ និងប្រជាពលរដ្ឋ រយៈពេលកន្លះខែ ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ តទៅ ហើយក៏ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសទី១ ដូសទី២ (ដូសមូលដ្ឋាន) និងដូសជុំរុញ ដូសទី៣ សម្រាប់កុមារអាយុចាប់ពី៥ឆ្នាំឡើងទៅ។

ដោយឡែក លោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌ ក៏បានអញ្ជើញតំណាងរោងចក្រ ម្ចាស់អាហារដ្ឋាន KTV ឌីស្កូតែក ប្រធានផ្សាររដ្ឋ និងឯកជន ព្រមទាំងចៅសង្កាត់ទាំង៧ ឱ្យចូលរួមប្រជុំពិភាក្សាភ្លាមៗផងដែរ ដោយផ្ដោតសំខាន់លើការផ្សព្វផ្សាយស្ដីពីការជំរុញការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ។ លោកបានណែនាំឱ្យស្រង់ទិន្នន័យបុគ្គលិករបស់ខ្លួនឱ្យបានច្បាស់ចំពោះការចាក់ដូសនិមួយៗ ទាំងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ក្នុងការប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលវីរូស បំប្លែងខ្លួនថ្មី ប្រភេទ «អូមីក្រុង» តាមប្រសាសន៍ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំបន្ទាន់ទាំង២លើក បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលខណ្ឌ ទទួលបានសេចក្ដីជូនដំណឹងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ឯក ឃុនដឿន បានរំលឹកឱ្យអាជ្ញាធរជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌទាំងអស់ឱ្យមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ទាំងដូសទី១ ដូសទី២ និងដូសទី៣ (ដូសជុំរុញ) ហើយនឹងដូសទី៤ ដើម្បីចូលរួមបង្ការទប់ស្កាត់វីរូសរាតត្បាតកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» ឆ្លងក្នុងសហគមន៍ ដែលរកឃើញតាមរយៈក្រសួងសុខាភិបាល។

លោកអភិបាលខណ្ឌឫស្សីកែវ បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវភ្ជាប់មកជាមួយនូវឯកសារ រួមមាន៖ ប័ណ្ណ (កាត) ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩, សំបុត្រកំណើត ឬអត្តសញ្ញាណ្ណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ ឬលិខិតឆ្លងដែន ជាដើម ដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១។

បន្ថែមពីនេះ លោកអភិបាលខណ្ឌបានក្រើនរំលឹកឱ្យបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយប្រកាន់ភ្ជាប់នូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរហើយត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕