(ហុងកុង)៖ មេដឹកនាំទីក្រុងហុងកុង ដែលត្រូវបានគេដឹងថា ជាមនុស្សជំនិតនឹងទីក្រុងប៉េកាំង នោះបានព្រមានថា សេដ្ឋកិច្ចក្នុងតំបន់ស្វយ័តចិនមួយនេះ នឹងក្រឡាប់ចាក់ប្រសិនបើប្រជាជនមួយចំនួន នៅតែព្យាយាមទាមទារចង់បាន​ឯករាជ្យភាពទៀតនោះ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦។

ការលើកឡើងរបស់អភិបាលទីក្រុងហុងកុងលោក Leung Chun-ying ខាងលើនេះ បានធ្វើឡើង បន្ទាប់ពី ទទួលបានព័ត៌មានថា ក្រុមនិស្សិត និងប្រជាជនមួយចំនួននៅតែចង់បង្កើតការតវ៉ា ប្រឆាំងដូចកាលពីឆ្នាំ ២០១៤ ដែលចង់ឲ្យទីក្រុងនេះគ្រប់គ្រងរដ្ឋបាលដោយពេញលេញ ខ្លួនឯង ឬខ្លះទៀតចង់បានឯករាជ្យពីប្រទេសចិនតែម្តង។ បញ្ហានោះគឺវានឹងនាំទៅរកការបាត់បង់ អ្នកវិនិយោគ និងឱកាសការងារទាំងឡាយរបស់ប្រជាជនតែម្តង។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩៧ ដែលទទួលបានឯករាជ្យពីចក្រភពអង់គ្លេសមក ទីក្រុងដ៏ ដែលជាមូលដ្ឋានសេដ្ឋកិច្ចស្នូលរបស់តំបន់អាស៊ីមួយនេះ បានរីករាយនឹងសេរីភាព និងការដឹកនាំ រដ្ឋាភិបាលផ្ទាល់ខ្លួនខុសប្លែកពីចិនដីគោក ប៉ុន្តែសម្រាប់ចេតនាទាមទារឯករាជ្យនោះ ទីក្រុងប៉េកាំងធ្លាប់បានបញ្ជាក់ម្តងហើយថា មិនគួរឲ្យមាន ឬមិនគួរសូម្បីតែគិត៕