(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង នៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២២ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ឆ្នាំ២០២១ នៅស្រុកកំពង់ត្របែក និងស្រុកព្រះស្ដេច។

វេទិកានេះមានការចូលរួមពីលោក អន ភារៈ អភិបាលរងខេត្ត តំណាងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង លោក ស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន/អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ និងបានដោះស្រាយសំណូមពរ និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងទំនាស់ដីធ្លី ការជួសជុលផ្លូវថ្នល់ ការតបណ្ដាញអគ្គិសនីប្រើប្រាស់ ការចេញប្លង់កម្មសិទ្ធដីធ្លី បញ្ហាទឹកសម្រាប់ស្រោចស្រពស្រូវរដូវប្រាំង ការដាក់លូរំដោះទឹកនៅទន្លេវៃកូ២។

ថ្លែងក្នុងឱកាសនោះលោក អន ភារៈ បានលើកឡើងថាគោលបំណងសំខាន់នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ គឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានាដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបានលើកឡើង។

ក្នុងឱកាសនោះដែរលោក ស្បោង សារ៉ាត បានបញ្ជាក់ថា វេទិកាពិគ្រោះយោបល់ឆ្នាំ២០២១ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវេទិកានេះ បានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន និងគម្រោងជាអាទិភាពនានាក្នុងឆ្នាំខាងមុខ។

ជាពិសេសអាចផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានបញ្ចេញនូវមតិយោបល់ព្រមទាំងលើកឡើងពីក្តីព្រួយបារម្ភរួមទាំងបញ្ហាប្រឈមរបស់ខ្លួនពិសេសក្នុងមូលដ្ឋានដែលប្រជាពលរដ្ឋកំពុងរស់នៅដើម្បីឱ្យអ្នកពាក់ព័ន្ធបកស្រាយ និងនាំយកបញ្ហាទាំងនោះមកពិភាក្សាគ្នាដោះស្រាយ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

ប្រធានក្រុមប្រឹក្សាខេត្ត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកកំពង់ត្របែក និងស្រុកព្រះស្ដេច រដ្ឋបាលឃុំ ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលា ចូលរួមធ្វើឱ្យស្រុកមានការរីកចម្រើនជាបន្ដបន្ទាប់ និងសូមឱ្យបន្ដចូលរួមខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ពង្រឹងភូមិឃុំមានសុវត្ថិភាពពិសេសចូលរួមគោរពវិធានការ «៣កុំ និង៣ការពារ» ទាំងអស់គ្នា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកដដោយសុខុមាភាព និងកាន់តែរីកចម្រើនបន្ដបន្ទាប់ទៀត៕