(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រសួងការពារជាតិ បានអះអាង ក្រុមគ្រូពេទ្យក្រសួងការពារជាតិ មានបទពិសោធន៍ និងសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលភារកិច្ចចាក់វ៉ាក់សាំងដូសទី៤។

កម្ពុជា ដែលធ្លាប់ទទួលបាននូវការសាទរក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសមូលដ្ឋានជូនប្រជាពលរដ្ឋបានច្រើននោះ បានបន្ដបោះជំហ៊ានថ្មីមួយកម្រិតទៀតហើយ ក្នុងការចាក់វ៉ាក់សាំងជំងឺកូវីដ១៩។

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ថ្មីៗនេះ ក្រុមបុគ្គលអាទិភាព មានទាំងមន្ដ្រីរាជការស៉ីវិល កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងអ្នកសារព័ត៌មានជាដើមនោះ បានទទួលនូវការចាក់វ៉ាក់សាំងដូសទី៤ ដើម្បីបន្ដប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាល ពិសេសពពួកបំប្លែងខ្លួនថ្មី «អូមីក្រុង»

ផ្ដើមដំបូងក្រុមអាទិភាពនៅរាជធានីភ្នំពេញ ជាអ្នកទទួលបានការចាក់វ៉ាក់សាំងដូសទី៤ មុនគេ ដោយរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់នូវវ៉ាក់សាំងប្រភេទ Pfizer ដែលជាជំនួយរបស់អូស្ដ្រាលី។ វ៉ាក់សាំង Pfizer នេះរាជរដ្ឋាភិបាលកម្ពុជា មាននៅក្នុងដៃប្រមាណជាង២.៣លានដូស។

ការអះអាងបែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ ជូនដល់យោធិន អតីតយុទ្ធជន និងគ្រួសារ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ។

ប្រធានប្រតិបត្តិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រសួងការពារជាតិ បានអះអាងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា យោធិនជាសុខាភិបាល របស់កងយោធពលខេមរភូមិន្ទ គាត់មានការយល់ដឹង គាត់មានបទពិសោធន៍ខ្ពស់ណាស់អំពីបញ្ហាការចាក់វ៉ាក់សាំងនេះ អញ្ចឹងនិយាយជារួមយើងចាក់ដូសទី១ ដូសទី២ ដូសជំរុញ មកដល់ដូសទី៤នេះ មិនដែលមានបញ្ហាអ្វីមួយកើតឡើងឡើយ គឺល្អណាស់ ប្រព្រឹត្តទៅយ៉ាងរលូនទាំងអស់ ទាំងការថែរក្សាវ៉ាក់សាំង»

ជាមួយនឹងដំណើរការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋានចាប់ពីតំបន់ក្រហមដែលខ្លួនទទួលបន្ទុក រហូតដល់ដូសជំរុញ ឱ្យទទួលបានភាពជោគជ័យតាមការគ្រោងទុកនោះ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ក្រុមការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ ក្រសួងការពារជាតិ បានសហការបានយ៉ាងជិតស្និតជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានលោកស្រី ឱ វណ្ណឌីន ជាប្រធាន តែងតែបញ្ជូនអ្នកជំនាញមកណែនាំដល់ក្រុមគ្រូពេទ្យកងទ័ព ទាំងផ្តល់សម្ភារៈ ឧបករណ៍បច្ចេកទេសជាដើម។ល។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា សម្រាប់ដំណើរការជោគជ័យក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កន្លងមកនេះ គឺសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានយកចិត្តទុកយ៉ាងខ្លាំង ដោយសម្តេចតែងតែចង្អុលបង្ហាញគ្រប់ពេលវេលានូវចំណុចខ្លះខាតនៅក្នុងរង្វង់ប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមគោលដៅទទួលខុសត្រូវរបស់កងយោធពលខេមរភូមិន្ទ ផងដែរ។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា សម្រាប់ដំណើរការចាក់វ៉ាក់បង្ការជំងឺកូវីដ១៩ គឺក្រុមគ្រូពេទ្យរបស់កងទ័ព បានគិតគូរយ៉ាងម៉តចត់ចំពោះកិច្ចការងាររបស់ខ្លួនដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ខណៈប្រតិបត្តិការចាក់វ៉ាក់
បង្ការជំងឺកូវីដ១៩ ជូនគ្រួសារកងទ័ពកន្លងមក គឺមិនមានបញ្ហាស្មុគស្មាញណាមួយកើតឡើងនោះឡើយ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា សម្រាប់ការទទួលភារកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាពេលនេះ គឺត្រូវចាក់ជូនយោធិន អតីតយុទ្ធជន និងក្រុមគ្រួសារ ឱ្យអស់ជាមុនសិន។ ដោយឡែកសម្រាប់ដំណើរការវ៉ាក់ដូសទី៣ កងទ័ពនៅតែបន្តចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ក៏ប៉ុន្តែ ក្រុមការងារបានបង្រួមទីតាំងនៃការចាក់រហូតមកដល់ទីរួមស្រុក ឬនៅទីរួមខេត្ត ខណៈទីតាំងមួយចំនួនដែលកងទ័ពចាក់ ក៏ត្រូវបានប្រគល់ភារកិច្ចនេះជូនដល់មណ្ឌលសុខភាព ដើម្បីទទួលខុសត្រូវចាក់វ៉ាក់ដូសជំរុញនេះបន្ត ដូច្នេះប្រជាពលរដ្ឋដែលដល់ពេលត្រូវចាក់ដូសជំរុញ អាចទៅចាក់បាននៅមូលដ្ឋានសុខាភិបាលដែលនៅក្បែរផ្ទះរបស់ពួកគាត់។

គិតត្រឹមយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៣០៨,៨៩៨នាក់។ ក្នុងរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,១៧៦,៣៥០នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨១៤,៣៨៤នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០០៣,៥៨៥នាក់
៤៖ អាយុ៥ឆ្នាំ ៣១៤,៥៧៩នាក់៕