(កំពង់ឆ្នាំង)៖ អ្នកស្រុកភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានធ្វើបុណ្យឡើង «អ្នកតាដំបងដែក» មានអាសនៈនៅជាប់របងវត្តទួលមេត្រី (ហៅវត្តអាឡង) ស្ថិតក្នុងភូមិអាឡែង ទៅតាមប្រពៃណីពីដូនតា ដើម្បីសុំសេចក្តីសុខ។

ក្នុងពិធីបុណ្យ ដែលបានធ្វើឡើងកាលពីសប្តាហ៍មុននេះ គឺអ្នកភូមិបានសុំអំពាវនាវដល់សប្បុរសជន ជួយកសាងអាសនៈលោកតាមួយនេះ ដែលលោកមានបារមីខ្លាំងពូកែ ទៅតាមសទ្ធាជ្រះថ្លា ដើម្បីកសាងអាសនៈលោកតា ឲ្យបានធំជាងនេះ ក៏ដូចជាឲ្យមានការចាក់សាប ដើម្បីទុកសម្រាប់អ្នកមានជំនឿមកដុតធូបទៀន ដើម្បីធ្វើការបន់ស្រន់ ទៅតាមជំនឿរៀងៗខ្លួន។

លោកយាយម្នាក់ដែលជាចាស់ព្រឹទ្ធាចារ្យ នៅក្នុងភូមិអាឡែង បាននិយាយឲ្យដឹងថា ការគោរពបូជា និងការធ្វើបុណ្យឡើងលោកតាដំបងដែកក្នុងភូមិអាឡែងនេះ គឺមានរយៈកាលរាប់រយឆ្នាំមកហើយ តាំងពីបុរមបុរាណកន្លងមក ដើម្បីតបស្នង សងគុណដល់លោកតាម្ចាស់ស្រុក ដែលបានផ្ដល់សេចក្តីសុខជូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកភូមិ ក្នុងការជួយផ្តល់ទឹកធ្វើស្រែចំការ និងការជួយចម្រុងចម្រើន លើការប្រកបមុខរបរផ្សេងៗ ដើម្បីចិញ្ចឹមជីវិត។

លោកយាយម្ចាស់ស្រុក បានបន្តឲ្យដឹងថា តាមអបិយជំនឿ នៅពេលអ្នកស្រុក អត់ទឹកធ្វើស្រែ ឬមានទុកភ័យផ្សេងៗនៅក្នុងគ្រួសារ ពួកគាត់តែងមកអុជធូបបន់ស្រន់ សុំឱ្យលោកតាដំបងដែក ជួយបីបាច់ថែរក្សា និងជួយឲ្យបានសម្រេចរាល់គោលបំនងប្រាថ្នា។ នៅពេលសម្រេចបានដូច សេចក្តីប្រាថ្នាហើយនោះ ប្រជាពលរដ្ឋជាម្ចាស់បំណន់ តែងយកដង្វាយមកអុជធូបថ្វាយជូនលោកតាលាមាត់លា-ករ ដើម្បីបានសេចក្តីសុខក្នុងជីវភាពរស់នៅ ហើយអ្នកស្រុកតែងនាំគ្នាធ្វើបុណ្យឡើងអ្នកតានេះជារៀងរាល់ឆ្នាំ ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានយល់ដឹង និងចូលរួមថែរក្សាប្រពៃណីនេះជាបន្តទៀតកុំឲ្យបាត់បង់ ។

លោក គឹម សុខ ជាអនុប្រធានភូមិអាឡែង បញ្ជាក់ថា នៅឆ្នាំនេះការធ្វើបុណ្យឡើងអ្នកតាក្នុងភូមិ គឺលោក សាយ សន្យា ជាសប្បុរសជនក្នុងភូមិ បានជួយចាក់ដីចំនួន ៤ឡាន និងទឹកប្រាក់ ៤០ម៉ឺនរៀល សម្រាប់រៀបចំពិធីសូត្រមន្ត និងរៀបភេសជ្ជៈប្រទានព្រះសង្ឃ និងលោកយាយលោកតា ដែលនិមន្តនិងអញ្ជើញមកចូលរួមនៅក្នុងពិធីឡើងអ្នកតាខាងលើនេះ។ ជាមួយគ្នានេះដែរ អ្នកស្រុកភូមិក៏បានរៃប្រាក់គ្នា រៀបចំកម្មវិធីប្រគុំតន្ត្រីបុរាណ មានស្គរដៃស្គរតាំបូ ទ្រ យីតា ប្រគំភ្លេងប្រពៃណីខ្មែរ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងភូមិ បានរាំច្រៀងលេងកំសាន្តក្នុងពិធីឡើងអ្នកតានេះ។

ក្នុងឱកាសនេះដែរ ក្នុងនាមលោកជាមេភូមិតំណាងប្រជាពលរដ្ឋស្នើសុំឲ្យប្រជាពលរដ្ឋនៅទីជិតឆ្ងាយ ដែលមានជំនឿទៅលើអ្នកតា អញ្ជើញសាកល្បង ទៅបន់ស្រន់លោកតាដំបងដែក ដែលមានភាពល្បីល្បាញខ្លាំងពូកែ។

ទីតាំងរបស់លោកតាដំបងដែក ស្ថិតនៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ប្រជាពលរដ្ឋ អាចធ្វើដំណើរចូលមកតាមក្លោងទ្វារវត្តមង្គលបញ្ញា ហៅវត្តបាញ់ឆ្គោល នៅខាងជើងផ្សារព្រៃខ្មែរ ចម្ងាយ ៥០០ម៉ែត្រ ចូលតាមក្លោងទ្វារវត្តចម្ងាយ ៣គីឡូម៉ែត្រ តែប៉ុណ្ណោះ៕