(ក្រចេះ)៖ ហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងដោយរថយន្ដកូរ៉េដឹកមាន់ បុកជាមួយរថយន្ដកូរ៉េដឹកថ្នាំពេទ្យ បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់-ស្រាល។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវកោង ស្ថិតនៅភូមិល្អ ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

នគរបាលស្រុកចិត្របុរី បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ដោយរថយន្ដដឹកមាន់ មកពីខេត្តស្ទឹងត្រែង រថយន្ដដឹកថ្នាំពេទ្យចេញពីក្រចេះទៅស្ទឹងត្រែង។ ដល់ចំណុចកើតហេតុខាងលើផ្លូវកោង រថយន្ដដឹកមាន់បើកបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុករថយន្ដដឹកថ្នាំពេទ្យពេញដំហឹងតែម្ដង បណ្ដាលឲ្យប្រូរថយន្ដដឹកមាន់ស្លាប់នៅកន្លែងហេតុ។ ដោយឡែក អ្នករងរបួសទាំង ៣នាក់ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

នគរបាលបន្តទៀតថា ជនរងគ្រោះ រួមមាន៖

* ១៖ ឈ្មោះ ឆីវ ហេងស៊េង ភេទប្រុស អាយុ ២៩ឆ្នាំ ជាអ្នករួមដំណើរជាមួយ (របួសធ្ងន់)។
* ២៖ ឈ្មោះ តែ យ៉ូសាប ភេទប្រុស អាយុ ៣៤ឆ្នាំ ជាអ្នករួមដំណើរជាមួយ (របួសស្រាល)។
* ៣៖ អ្នកបើកបររថយន្តបង្កមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ បន្សល់ទុក្ខតែរថយន្ត និងអ្នករួមដំណើរជាមួយចំនួន ៣នាក់ ដែលក្នុងនោះ អ្នកទី១៖ ជាអ្នករួមដំណើរជាមួយ មិនស្គាល់អត្តសញ្ញាណស្លាប់នៅហ្នឹងកន្លែងកើតហេតុ, អ្នកទី២៖ ឈ្មោះ ហៀត ទៀត ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិជំនិច ឃុំជំនិច ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នករួមដំណើរជាមួយរបួសធ្ងន់, និងអ្នកទី៣៖ ឈ្មោះ អែល អារីពីន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នាជាអ្នករួមដំណើរជាមួយរបួសស្រាល។

បច្ចុប្បន្ន វត្ថុតាងរថយន្តខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកចិត្របុរីបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបន្តនីតិវិធី៕