(បន្ទាយមានជ័យ)៖ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោមបានប្រសាសន៍ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍ ឃុំចំណោមឆ្នាំ២០១៧-២០២២ និងទិសដៅបន្ត ឆ្នាំ២០២២-២០២៧។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។

ក្នុងសន្និបាតនោះ លោក ចៅ ម៉ី ត្រូវបានបោះឆ្នោតគាំទ្រជា បេក្ខជនឈរឈ្មោះបោះឆ្នោតឃុំចំណោម ជាប់លេខរៀងទី១ អនាគតទៅជាមេឃុំចំណោម ដែលលោកបានក្រើនរំលឹកថា ត្រូវឈរនៅខាងប្រជាជនជានិច្ច រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គហ៊ានធ្វើអ្វីដើម្បីប្រជាជនឥតរុញរា ដោយពុំខ្លាចពីការនឿយហត់ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។

សន្និបាតនេះ បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង ដល់លោក ចៅ ម៉ី ធ្វើជាមេឃុំ ក្នុងអាណត្តិនេះបន្តទៀត ហើយបេក្ខជនទាំងអស់ទាំងថ្មី និងចាស់ គឺត្រូវបន្តនូវប្រពៃណីដឹកនាំ ដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា និងត្រូវខិតខំធ្វើការងារបម្រើប្រជាជន បង្កើនសមត្ថភាព ប្រជាប្រិយ ភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីទាក់ទាញទឹកចិត្ត របស់ប្រជាជនមកគាំទ្រលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបន្ត។

លោកបានអរគុណយ៉ាងស្មោះចំពោះសមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល ដែលបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តរួមគ្នាបោះឆ្នោតជូន លោក ចៅ មុី ឲ្យធ្វើជាមេឃុំក្នុងអាណត្តិទី៥នេះបន្ត។

លោក បោន ប៊ិន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ឆ្លងតាមរបាយការណ៍ទិសដៅភារកិច្ចបន្តនៅពេលនេះ រហូតដល់ការបោះឆ្នោតខាងមុខ និងឆ្លងតាមគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានរបស់គណបក្សឃុំចំណោម សម្រាប់អាណត្តិទី៥ បានឆ្លុះបញ្ចាំងនូវមតិយោបល់នានារបស់សមាជិក សមាជិកា នៃអង្គសន្និបាត ដែលបានធ្វើការវាយតម្លៃត្រឹមត្រូវនូវសមិទ្ធផលនានាដែលឃុំចំណោម បានកសាងសម្រេចបានរហូតមកដល់ពេលនេះ ព្រោះប្រជាជនជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលខិតខំបម្រើប្រជាជនអស់ពីសមត្ថភាពកន្លងមក។

ក្នុងនោះ លោក បោន ប៊ិន បានជំរុញលើកទឹកចិត្តដល់សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋានត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងពង្រីកបណ្តាញសមាជិកឲ្យបានច្រើនថែមទៀត។ ទន្ទឹមនឹងនេះដែរ មន្ត្រីគណបក្សប្រជាជនកម្ពុជា គឺត្រូវបង្ហាញនូវសមត្ថភាព ចំណេះដឹង បទពិសោធន៍ ដើម្បីបំរើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យល្អ ហើយក្នុងនោះ លោកក៏បានស្នើសុំដល់សមាជិកសមាជិកាទាំងអស់ កុំជឿការញុះញង់របស់គណបក្សដ៏ទៃ ក្រៅពីការដឹកនាំរបស់បក្សប្រជាជនកម្ពុជា ដូចសព្វថ្ងៃនេះ។

លោក បោន ប៊ិន បានអំពាវនាវ ដល់មន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ព្រោះថា កូវីដមិនភ្លេចយើងទេ ដោយត្រូវបន្តអនុវត្ត ៣ការពារ និង៣កុំ និងត្រូវរៀនរស់តាមគន្លងថ្មី ហើយជាពិសេសនោះ ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរ៕