(កំពត)៖ លោក សោម វិចិត្រ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់អណ្ដូងខ្មែរ បានដាក់ចេញគោលនយោបាយ ៧ចំណុច សំដៅបន្តអភិវឌ្ឍន៍មូលដ្ឋាន នៅសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ឲ្យកាន់តែរីកចម្រើនប្រសើរឡើងថែមទៀត។

ការដាក់ចេញគោលនយោបាយ ៧ចំណុចខាងលើខណៈ លោក សោម វិចិត្រ ដឹកនាំក្នុងអង្គសន្និបាទបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ (២០១៧-២០២២) របស់គណបក្សប្រជាជនកម្ពុជាមូលដ្ឋានសង្កាត់អណ្ដូងខ្មែរ ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកំពត នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។

គោលនយោបាយ៧ចំណុច ដែលត្រូវដាក់ចេញរួមមាន៖

*ទី១៖ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធសេរីភាពរបស់ប្រជាជនគ្រប់រូប ឲ្យបានរស់នៅដោយសុខដុបរមនា
*ទី២៖ រក្សាការពារសន្តិសុខ របៀបរាបរយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យល្អប្រសើរ (គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសផ្សេងៗ
*ទី៣៖ ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព និងគួរឲ្យជឿទុកចិត្តបាន
*ទី៤៖ ខិតខំអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
*ទី៥៖ លើកកម្ពស់ការគាំពារសង្គម លើកកម្ពស់ស្ថានភាពរស់នៅរបស់ស្ត្រី យុវជន កុមារ ជនមានពិការភាព ជនចាស់ជរា អតីតយុទ្ធជន គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ
*ទី៦៖ លើកកម្ពស់គណនេយ្យភាពសង្គម យុត្តិធម៌សង្គម និងភាពស្អាតស្អំ គ្មានការរំលោភអំណាច គ្មានអំពើពុករលួយ
*ទី៧៖ ផ្តល់ស្វ័យភាព សិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវច្បាស់លាស់។

ទន្ទឹមនេះ លោក សោម វិចិត្រ ក៏បានលើកឡើង តាមរយៈរបាយការណ៍ថា លទ្ធផលការងាររយៈពេល៥ឆ្នាំ ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្សមូលដ្ឋានសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ទទួលបានលទ្ធផលល្អប្រសើរ។ ក្រោមម្លប់នៃសន្តិភាព គឺដោយឡែក សង្គាត់អណ្តូងខ្មែរ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ និងមានជំនឿលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

នៅក្នុងអង្គសន្និបាទ ក៏បានប្រកាសបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា រួមមាន ២២រូប ក្នុងនោះពេញសិទ្ធិ ចំនួន៩រូប និងបម្រុង ១៣រូប៕