(កំពង់ស្ពឺ)៖ លោកឧកញ៉ា អែល សារ៉ុម សមាជិកគណ:កម្មាធិការបក្ស «ខ៦» ចំណុះគណ:កម្មាធិការគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងលោកស្រី សេង ស្រីអូន រួមទាំងឧបាសិកា លឹម ស៊ីចាន់ ឧបាសិកា នក ស៊ីវង់ ឧបាសិកា ប្រាក់ ប៉ុន និងប្រជាពលរដ្ឋ លោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យ នៅក្នុងភូមិរកាធំ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានមូលមតិគ្នាប្រារព្ធពិធីអភិសេដព្រះតាមបែបព្រះពុទ្ធសាសនា និងតម្កល់ព្រះពុទ្ធបដិមាករសម្រាប់ទីសក្ការៈបូជានៅសាលាបុណ្យក្នុងភូមិរកា។

លើកឡើងនៅក្នុងពិធីអភិសេកព្រះពុទ្ធបដិមាករនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ លោកស្រី សេង ស្រីអូន អែល សារ៉ុម ក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់ នៅតាមមូលដ្ឋានជាពិសេស ចំពោះសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ជនពិការ អ្នកផ្ទុកមេរោគអេដស៍ជាដើម។

លោកស្រី សេង ស្រីអូន អែល សារ៉ុម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចងចាំ និងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជែលសម្អាតមេរោគ និងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្ន ពោលការរស់នៅប្រចាំថ្ងៃ ត្រូវអនាម័យរស់នៅល្អ ដើម្បីសុខភាព និងអាយុជិវិតរស់នៅប្រចាំថ្ងៃ។

លោកស្រី ក៏បាននាំមកនូវព្រះពុទ្ធបដិមាករ ចំនួន៣អង្គ សម្រាប់តម្កល់នៅសាលាបុណ្យនៅក្នុងភូមិរកាធំ ប្រគេនបច្ច័យកសាងសាលាបុណ្យបច្ច័យ ប្រគេនបច្ច័យព្រះសង្ឃ ផ្តល់ថវិកាជូនលោកតា លោកយាយ ១៣០នាក់ និងសម្ភារៈមួយចំនួនសរុបថវិកាប្រមាណ ១០លានរៀល៕