(ព្រះវិហារ)៖ លោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា (CPP) ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារចុះជួយស្រុកសង្គមថ្មី បានថ្លែងថា ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ននេះ ដោយសារគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

ថ្លែងក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំរណសិរ្យ ស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ លោក សំ លាងទ្រី ក៏បានណែនាំដល់ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាបក្សឃុំ ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ខិតខំបម្រើផលប្រយោជន៍គណបក្សចេញពីឆន្ទៈ និងបេដូងពិតប្រាកដ ដើម្បីផ្តល់ទំនុកចិត្តពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

ជាមួយគ្នានេះលោក សំ លាងទ្រី ក៏បានថ្លែងនូវការចូលរួមអបអរសារទរដោយក្តីមោទនភាពបំផុត ចំពោះសមិទ្ធិផលនានាដែលគណៈកម្មាធិកាបក្សឃុំរណសិរ្យសម្រេចបានក្នុងរយៈពេលកន្លងមក។ របាយការណ៍ដែលគណៈកម្មាធិការឃុំបានលើកឡើង ក្នុងអង្គសន្និបាត ស្តីពីសមិទ្ធិផលមួយចំនួនទៀតដែលឃុំធ្វើបានកន្លងមក គឺសមិទ្ធិផលមួយចំនួនមិនមាននៅក្នុងរបាយការណ៍នោះទេ ហើយលោកសង្ឃឹមថា រយៈពេល ៥ឆ្នាំក្រោយ បន្ទាប់ពីអង្គសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំរណសិរ្យបានដាក់ទិសដៅសម្រាប់អនុវត្តន៍បន្តនោះ ជឿជាក់ថាឃុំរណសិរ្យនឹងមានការអភិវឌ្ឍ ជឿនលឿនជាងនេះ។

សូមបញ្ជាក់ថា សន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំរណសិរ្យនាឱកាសនេះ គឺបានដាក់ចេញនៅទិសដៅចំនួន ៩ចំណុចសម្រាប់អនុវត្តន៍បន្ត និងបានពិភាក្សា អនុម័តរបាយការណ៍ស្តីពីលទ្ធផល នៃការអនុវត្តកម្មវិធីគោលនយោបាយរបស់គណបក្សពីឆ្នាំ២០២១៧ ដល់ឆ្នាំ២០២២ និងទិសដៅភារកិច្ចរយៈពេលបន្ត។ ក្នុងនោះ ក៏មានការពិភាក្សាអនុម័តសេចក្តីប្រកាសស្តីពីកម្មវិធីនយោបាយរបស់គណបក្សឃុំរណសិរ្យ ដើម្បីអភិវឌ្ឍឃុំសម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ និងបង្ហាញមុខបេក្ខជន ដែលត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥៕