(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ របស់សាលាភូមិន្ទរដ្ឋបាល បានឈានដល់វិញ្ញាសាសួរផ្ទាល់មាត់ហើយ នាថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់រួចរាល់នូវការប្រឡងសម្រាប់វិញ្ញាសាសរសេរទី១ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសម្រាប់វិញ្ញាសាសរសេរលើកទី២ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល។

សាលាភូមិន្ទរដ្ឋបាលបានបង្ហាញបញ្ជីរាយនាមបេក្ខជនចំនួន១២៦នាក់ (ស្រី៣៨នាក់) ដែលប្រឡងជាប់វិញ្ញាសាសរសេរលើកទី២ សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២ ក្នុងនោះជំនាញរដ្ឋបាលសាធារណៈមានចំនួន៤៦នាក់ (ស្រី១០នាក់) ជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានចំនួន៤៥នាក់ (ស្រី១២នាក់) និងជំនាញទំនាក់ទំនងអន្តរជាតិមានចំនួន៣៥នាក់ (ស្រី១៦នាក់)។

ចំពោះការបើកការប្រឡងវិញ្ញាសាសួរផ្ទាល់មាត់នាថ្ងៃទី១៦នេះដែរ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ នាយកសាលាភូមិន្ទរដ្ឋបាល និងជាប្រធានមណ្ឌលប្រឡងសម្រាប់ដំណើរការនៃការប្រឡងនេះផងដែរ។

ការប្រឡងនេះមាន៣មុខជំនាញ និងចែកចេញជា៣បន្ទប់ រួមមាន ជំនាញរដ្ឋបាលសាធារណៈ ១បន្ទប់ ជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១បន្ទប់ និងជំនាញទំនាក់ទំនងឣន្តរជាតិ ១បន្ទប់។

មិនខុសពីការប្រឡងលើកមុនឡើយ ក្នុងការប្រឡងវិញ្ញាសាសួរផ្ទាល់មាត់នេះ ក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាលបានយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ និងត្រឹមត្រូវបំផុត ក្នុងនោះមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ និងប្រធាន-អនុប្រធាន សមាជិក-សមាជិកានៃអនុគណៈកម្មការនានា សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់លើកទី១២នៃសាលាភូមិន្ទរដ្ឋបាល មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមកពីបណ្តាសាកលវិទ្យាល័យនានាផងដែរ។

នៅពេលដល់លេខរៀងចូលប្រឡង បេក្ខជននីមួយៗត្រូវចាប់សន្លឹកសំណួរដែលមាននៅក្នុងប្រអប់ដោយខ្លួនឯង នៅពេលចាប់បានហើយ បេក្ខជនត្រូវអានសំណួរដោយខ្លួនដែរ បន្ទាប់មក ចាប់ផ្ដើមឆ្លើយសំណួរតែម្ដង ពោលគឺគ្មានការរៀបចំសំណួរទុកជាមុនពីសំណាក់គណៈកម្មការឡើយ។ ម្យ៉ាងទៀត នៅក្នុងបន្ទប់ប្រឡងនីមួយៗក៏មានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយនៅចាំត្រួតពិនិត្យផងដែរ៕