(បន្ទាយមានជ័យ)៖ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោម នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ បានសន្និបាតបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍ ឃុំចំណោម ឆ្នាំ២០១៧-២០២២ និងទិសដៅបន្ត ឆ្នាំ២០២២-២០២៧ ។

ឆ្លៀតក្នុងឱកាសនោះដែរលោក បោន ប៊ិន បានផ្ដាំសមាជិកសមាជិក ដែលទទួលបានគ្រាំទ្រឲ្យឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ សូមយកអស់កម្លាំងកាយចិត្ត បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំដោយចិញ្ចឹមចលនាជាប្រចាំ ចុះជាប់តាមផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីដឹងសុខទុក្ខ និងដោះស្រាយសំណូមពររបស់ពួកគាត់។

លោកបានបន្តទៀតថា ក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងថវិកាដល់បេក្ខជនរបស់បក្សដើម្បីធ្វើសកម្មភាពឲ្យទទួលបានលទ្ធផលល្អប្រសើរ ជោគជ័យ នាពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។

ក្រោយពីបញ្ចប់អង្គសន្និបាត សមាជិក សមាជិកា គណបក្សឃុំទាំងអស់បានចូលរួមពិសារនំបញ្ចុកសាមគ្គី នំបញ្ចុកសន្តិភាព៕