(ភ្នំពេញ)៖ អំណោយសប្បុរសធម៌ជាច្រើន មានគ្រឿងឧបភោគបរិភោគ របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ត្រូវបានយកចែកជូនប្រជាពលរដ្ឋក្រីក្រ និងជួបការលំបាក ចំនួន ៣០០គ្រួសារ ដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលបានបន្តសកម្មភាពសប្បុរសធម៌ តាមរយៈអាជ្ញាធរខណ្ឌ ក្នុងការផ្តល់ជាគ្រឿងឧបភោគបរិភោគ ចែកជូនពលរដ្ឋក្រីក្រក្នុងមូលដ្ឋាន។ ការចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌នេះ គឺជាលើកទី១ ក្នុងឆ្នាំ២០២២នេះ ប៉ុន្តែជាលើក២ នៃសកម្មភាពមនុស្សធម៌ ដែលលើកទី១ គឺបានចែកជូនពលរដ្ឋនៅក្នុងសង្កាត់ច្បារអំពៅទី១។

លោកអភិបាលខណ្ឌបញ្ជាក់ថា នេះគឺជាវប្បធម៌ចែករំលែកដ៏ប្រពៃមួយ ដែលក្រុមហ៊ុនខាងលើនេះ មានទឹកចិត្តសប្បុរសចំពោះ ពលរដ្ឋក្រីក្រ ដែលកំពុងជួបទុក្ខលំបាក ហើយក៏ជាសកម្មភាពសបញ្ជាក់ឲ្យឃើញពីទឹកចិត្តអាណិតអាសូរចូលចិត្តស្រលាញ់ ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅផងដែរ។

នៅក្នុងឱកាសដដែលនោះ លោកអភិបាលខណ្ឌ បានធ្វើការផ្តែផ្តាំផ្ញើនូវការសួរសុខទុក្ខពីសំណាក់ សម្តេចប្រមុខថ្នាក់ដឹកនាំនៃកម្ពុជា ជូនទៅកាន់ពលរដ្ឋទាំងអស់គ្នាផងដែរ ដែលជានិច្ចជាកាល សម្តេចតែងក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ចំពោះសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅក្នុងប្រទេស។

ទន្ទឹមនឹងនោះដែរ លោកអភិបាល ក៏បានស្នើពលរដ្ឋទាំងអស់ កុំភ្លេចបន្តអនុវត្ត៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាវិធានសុខាភិបាលរបស់ក្រសួង ដើម្បីធានាបានមិនមានការចម្លងនូវមេរោគកូវីដ១៩បំប្លែងថ្មី អូមីក្រុង អាចឆ្លងរាតត្បាតចូលទៅកាន់សហគមន៍៕