(សំបូរ-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង ជាប្រធានក្រុមការងារខេត្តក្រចេះ និង សហការីបានចូលរួមសន្និបាតបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការគណបក្សឃុំអូរគ្រៀង រយៈពេល៥ឆ្នាំកន្លងមក និងឆ្លងអនុម័តផែនការអភិវឌ្ឍន៍ឃុំសម្រាប់អាណត្តិទី៥ (២០២២-២០២៧)។

សន្និបាតនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តសមិទ្ធិរាម ស្ថិតក្នុងឃុំ អូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ អស់លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក ក្រុមការងារ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ពិសេសសមាជិកក្រុមការងារស្រុកចុះជួយឃុំ គណៈកម្មាធិការគណបក្សឃុំ គណៈសាខាបក្សភូមិ ចាស់ព្រឹទ្ធាចារ្យ និងតំណាងផ្សេងៗក្នុងសហគមន៍សរុបមានអ្នកចូលរួមប្រមាណ ២៥០នាក់។

ក្រោយពីលោក វ៉ា ថន ប្រធានគណបក្សខេត្ត និងជាអភិបាលខេត្តក្រចេះ បានដឹកនាំដំណើរការសន្និបាតដើម្បីឆ្លងរបាយការណ៍បូកសរុបលទ្ធផល និងផែនការអភិវឌ្ឍឃុំអូរគ្រៀង ដោយមានការចូលរួមមតិពិភាក្សា យ៉ាងផុលផុសពីសំណាក់សមាជិកសមាជិកា និងទទួលបានការអនុម័តជាឯកច្ឆ័ន្ទពីអង្គសន្និបាតទាំងមូលរួចមក លោក រដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានឡើងថ្លែងកោតសរសើរអបអរសាទរចំពោះលទ្ធផលគួរកត់សំគាល់ ដែលឃុំអូរគ្រៀងសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងមក រួមចំណែកដល់ការអភិវឌ្ឍមូលដ្ឋានសហគមន៍ជនជាតិដើមភាគតិចនៅក្នុងតំបន់ភូមិភាគឦសាន ដែលទទួលបាន ពីអំណោយផលនៃសុខសន្តិភាពរបស់ប្រទេសជាតិក្រោយពេលសង្គ្រាម។

លោករដ្ឋមន្រ្តីប្រធានក្រុមការងារ បានជំរុញលើកទឹកចិត្តអង្គសន្និបាតឱ្យបន្តចលនាសកម្មភាពជាក់ស្តែងចូលរួមរក្សាប្រក្រតីភាពជីវភាពរស់នៅតាមសហគមន៍ ជាពិសេសមន្រ្តីយើងនៅមូលដ្ឋានត្រូវពុះពារប្រើប្រាស់ ឱកាសបំរើប្រជាពលរដ្ឋខិតខំធ្វើអំពើល្អគ្រប់យ៉ាង នៅគ្រប់ទីកន្លែង និង គ្រប់កាលៈទេសៈ។

ជាចុងក្រោយ លោករដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងរំលឹកមន្រ្តីមូលដ្ឋានត្រូវខិតខំរ៉ាប់រងបំពេញរាល់ភារកិច្ចនយោបាយធ្វើជាស្នូលឱ្យសាមគ្គីភាពទូលំទូលាយរបស់ពលរដ្ឋក្នុងគ្រប់សហគមន៍ ចូលរួមយ៉ាងសកម្មបន្តគាំទ្រ ចលនាជាតិ ក្រោមមគ្គុទេសក៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង និងដោះស្រាយរាល់ផលវិបាកបង្កឡើងពីកូវីដ-១៩ ដើម្បីបង្កលក្ខណៈកាន់តែរឹងមាំដល់ការបើកសេដ្ឋកិច្ច និងសង្គមជាតិឱ្យត្រឡប់មកកាន់ប្រក្រតីភាពធម្មតាឡើងវិញ សំដៅរួមចំណែកកាន់តែខ្លាំងក្លាថែមទៀតជាមួយចលនាសកម្មភាពយ៉ាងផុលផុសនៅទូទាំងប្រទេស ពង្រឹងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជាឈានទៅដណ្តើមជ័យជំនះសំរាប់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខ៕