(ស្វាយរៀង)៖ ពលរដ្ឋចំនួន ៧៥ គ្រួសារ ដែលមានជីវភាពខ្វះខាតរស់នៅឃុំបាសាក់ស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ បានទទួលអំណោយពី លោកដា ពេជ្រ និងក្រុមការងារជាសប្បុរសជនរស់នៅខេត្តស្វាយរៀង ដែលមានការចូលរួមពី លោកហែម សំអាត ជំទប់ទី១ ឃុំបាសាក់ផងដែរ។

បើតាមលោកហែម សំអាត ជំទប់ទី១ ឃុំបាសាក់ បានឲ្យដឹងថា ពលរដ្ឋនៅឃុំបាសាក់មានចំនួន២៤២៣គ្រួសារ និងពលរដ្ឋក្រីក្រ៤៨៤គ្រួសារ ក្នុងនោះក្រ១ មាន១៥៨ និងក្រ២ មាន៣២៦គ្រួសារ ហើយថ្ងៃនេះ លោកសូមថ្លែងអំណរគុណដល់ លោកដា ពេជ្រ និងក្រុមការងារដែលបានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដល់ពលរដ្ឋចំនួន៧៥គ្រួសារដែលមានជីវភាពខ្វះខាត។

ចំណែក លោកដា ពេជ្រ បានថ្លែងថា ដោយផ្សារភ្ជាប់ នៃក្តីស្រលាញ់ពលរដ្ឋនៅឃុំបាសាក់ ថ្ងៃនេះ លោក និងក្រុមការងារបាននាំអំណោយមនុស្សធម៌ថវិកាមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ហើយក៏សូមឲ្យប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយចូលរួមអនុវត្តវិធានការពារ៣កុំនិង៣ការ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីអូមីក្រុង។

បន្ថែមលើសពីនេះត្រូវដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈការលាងដៃឱ្យបានញឹកញាប់ជាប្រចាំជាមួយសាប៊ូទឹកស្អាត ត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃដោយ យកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ ពិសេសបរិភោគអាហារ ដែល ចម្អិន បានឆ្អិនល្អ និងត្រូវពាក់ម៉ាស់ ឬក្រមាពេលចេញក្រៅផ្ទះជាដើម។

លោកក៏បានជំរុញឲ្យពលរដ្ឋទាំងអស់ត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ជាពិសេសដូសទី៣ទី៤ ដែលជាដូសជំរុញ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ និងពិការភាពនិងជួយអប់រំណែនាំ ដល់កូនចៅ ឱ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវានឹងបំផ្លាញអនាគត របស់យើងក្រុមគ្រួសារ និងសង្គមជាតិ។ ចំពោះភូមិ ឃុំមានសុវត្ថិភាពត្រូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅតាមមូលដ្ឋាន ដើម្បីឱ្យ ប្រជាពលរដ្ឋទទួលបាននូវចំណេះដឹងច្បាស់លាស់ កុំឱ្យមានបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងការរំលោភ បំពានផ្សេងៗ។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះក៏មានការរាប់បាត្រដល់ព្រះសង្ឃចំនួន ៤ អង្គ ហើយអំណោយរបស់ លោកដា ពេជ្រ ដែលត្រូវនាំមកចែកជូននៅពេលនេះ មានគ្រឿងឧបភោគបរិភោគ ក្រមា និងថវិកាចំនួន២មុឺនក្នុង១គ្រួសារ៕