(ភ្នំពេញ)៖ ក្នុងជំនួបកិច្ចប្រជុំជាមួយ លោក Kevin Cheok ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំប្រទេសកម្ពុជា ដែលទើបតែផុតអាណត្តិ នៅវិមានសន្តិភាព នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានស្នើសុំឱ្យតំណាងទូតសិង្ហបុរីរូបនេះ ជួយជំរុញដល់រដ្ឋាភិបាល និងវិនិយោគិន ដើម្បីបង្កើនការវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ខណៈដែលទំហំពាណិជ្ជកម្ម ប្រទេសពីរ កើនដល់ជាង៥៦០លានដុល្លារនៅឆ្នាំ២០១៥។

នេះបើតាម លោកស្រី រុស្ស៊ី ម៉ារ៉ា ទីប្រឹក្សាឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងជាអ្នកនាំពាក្យនៃជំនួបខាងលើ បានថ្លែងប្រាប់ក្រុម អ្នកសារព័ត៌មាន ក្រោយពេលកិច្ចពិភាក្សារវាងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាមួយនឹង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំប្រទេស កម្ពុជាបានបញ្ចប់។

លោកស្រី រុស្ស៊ី ម៉ារ៉ា បានឱ្យដឹងថា លោក Kevin Cheok បានលើកសរសើរពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាលពីលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅជារដ្ឋមន្រ្តីក្រសួងការបរទេស ហើយបានថ្លែងអំណរគុណ ដល់ឧបនាយករដ្ឋន្រ្តី ហោ ណាំហុង  ដែលបានចូលរួមប្រារព្ធខួបនៃកំណើតសហគមអាស៊ាន កាលពីឆ្នាំ២០១៥ ដែលបានផ្ដល់ឱ្យភាគីសិង្ហបុរី រៀបរាប់ពី ប្រវត្តិនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរដល់ប្រជាជាតិទាំងឡាយបានដឹង។

សូមបញ្ជាក់ថា កំណើនវិនិយោគទុនរវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះទំហំពាណិជ្ជកម្មនៅឆ្នាំ២០១៥ បានកើនដល់៥៦១.៩២៣.៦១០ដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ពីមន្រ្តីដដែល៕