(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសារមួយសម្តែងការអបអរសាទរដល់សិស្សានុសិស្សទាំងអស់ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ ហើយសម្តេចក៏ប្រកាសជួបជាមួយសិស្សនិទ្ទេស A ទាំង១៧៥៣នាក់ ដើម្បីលើកទឹកចិត្តសម្រាប់ការខិតខំរៀនសូត្រ។

តាមរយៈបណ្តាញសង្គមហ្វេសបុក សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «សូមអបអរសាទរចំពោះចៅៗដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស។ ខ្ញុំសូមកោតសរសើរចំពោះចៅៗដែលបានជាប់ចំណាត់ថ្នាក់និទ្ទេស A ទាំងអស់ ដែលឆ្នាំនេះមានរហូកដល់១៧៥៣នាក់»

សម្តេចបានបន្តថា៖ «ដូចឆ្នាំមុនៗដែរ លើកលែងតែឆ្នាំ២០២០ ដែលឱ្យជាប់ទាំងអស់គ្នា ដោយគ្មាននិទេ្ទសដោយសារកូវីដ១៩។ ឆ្នាំនេះខ្ញុំ នឹងជួបជាមួយចៅៗ ដើម្បីលើកទឹកចិត្តសម្រាប់ចៅៗ ដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់ និងទទួលបាននិទ្ទេស A។ ពេលវេលា និងទីកន្លែងជួបនឹងជំរាបតាមក្រោយតាមរយៈរដ្ឋមន្ត្រីហង្ស ជួនណារ៉ុន»

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្ត ទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦ នាក់ ត្រូវជា ៦៥.៦៥% (បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣ នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣ នាក់), និទ្ទេស B មានចំនួន ៥ ២១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ២ ៤៣០ នាក់), និទ្ទេស C មានចំនួន ១១ ៦៣៤ នាក់ (ឆ្នាំ២០១៩ ចំនួន ៥ ៨៤៧ នាក់), និទ្ទេស D មានចំនួន ២៣ ៤៩៩ នាក់ (ឆ្នាំ២០១៩ ចំនួន ១៤ ១០០ នាក់), និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ (ឆ្នាំ២០១៩ ចំនួន ៥៦ ២៣២ នាក់)។

បេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន ១ ៧៥៣ នាក់ ក្នុងនោះ បេក្ខជនមកពីរាជធានីភ្នំពេញ ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្តាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់,ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១នាក់៕