(តាកែវ)៖ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ បានលើកឡើងនូវខ្លឹមសារសំខាន់ៗមួយចំនួនដែលគណប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចបានយ៉ាងល្អជូនជាតិ មាតុភូមិកម្ពុជា ជូនដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋ នៅស្រុកគិរីវង់។

ការលើកឡងបែបនេះ របស់លោក សុខ សុកាន បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងសន្និបាតគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីបូកសរុបលទ្ធផលសកម្មភាពការងារអាណត្តិទី៤ (២០១៧-២០២២) និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អភិវឌ្ឍឃុំកំពែង អាណត្តិទី៥ (២០២២-២០២៧)។

សន្និបាតនេះមានការចូលរួមពី លោក ឆឺយ រឿន ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំកំពែង, លោក យស ណាស៊ី ប្រធានគណៈប្រចាំការគណបក្សខេត្ត, ប្រធានគណៈកម្មាធិការគណបក្សស្រុក, អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ, គណៈកម្មា ធិការ គណ បក្សឃុំ, សាខាបក្សចំណុះ គណ បក្សឃុំ, សាខាបក្សភូមិទាំង១៣, គណៈកម្មការវត្តទាំង៦ក្នុងឃុំ ព្រមទាំង សមាជិក សមាជិកាបក្ស សរុបទាំងអស់១១៣នាក់ ដែលការជួបជុំនេះបានគោរពយ៉ាងខ្ជាប់ខ្ជួនទៅតាមវិធានអនាម័យសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» និងការធ្វើតេស្ដរហ័សចំពោះអង្គសន្និបាតទាំងអស់ដែលបានចូលរួម។

លោកស្រី កែវ សុផាត ប្រធានគណៈកម្មាធិការគណបក្សឃុំកំពែង បានឡើងរាយការណ៍អំពីលទ្ធផលអនុវត្តការងារ អាណត្តិទី៤ និង ផែនការអភិវឌ្ឍន៍ ឃុំសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ព្រមទាំងការអនុម័តរបស់អង្គសន្និបាត លើឯកសារទាំងពីរនេះ។

លោក ឆឺយ រឿន បានថ្លែងសន្ទរកថាស្វាគមន៍ និងផ្ដល់អនុសាសន៍ណែនាំពាក់ព័ន្ធនឹងទិសដៅការងារ និងការពង្រឹងសតិអារម្មណ៍ដល់បេក្ខជនទាំង១៦រូប ដែលត្រូវបានជ្រើសរើសជាផ្លូវការសម្រាប់ឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។

ក្នុងសន្និបាតនេះដែរ លោក សុខ សូកាន បានគូសបញ្ជាក់ដល់អង្គសន្និបាត នូវចំណុចគន្លឹះសំខាន់ៗ ចំនួន៣ ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖

*ទី១៖ សូមកោតសរសើរខ្ពស់ចំពោះគណៈកម្មាធិការគណបក្សឃុំ និងក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំកំពែង ដែលបានសហការគ្នាល្អ និងខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សក្នុង ការអភិវឌ្ឍឃុំ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលជាអាទិភាព១៖ មូលធនមនុស្ស ទី២៖ ទឹក, ទី៣៖ ផ្លូវ និង៤៖ ភ្លើងអគ្គិសនី សម្រាប់ជាចក្ខុវិស័យក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ព្រមទាំងបន្តថែរក្សានូវ សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យនៅមូលដ្ឋាន។

ជាក់ស្ដែងសមិទ្ធផលជារូបវ័ន្ត ដែលក្រុមការងារ និងគណបក្សឃុំបានកសាង និងសម្រេចបានក្នុងអាណត្តិទី៤នេះ បានសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ក្រុមការងារទាំងអស់ពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជន នៅក្នុងឃុំកំពែង។

ជាពិសេស សូមកោតសរសើរនូវភាពជោគជ័យក្នុងកិច្ចសហការរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ តាមរយៈចលនាបដិភាគថវិកា ៥០%+៥០% ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋានឃុំកំពែង និងភាពជោគជ័យ នៃសហគមន៍កសិកម្ម កំពែងសុខសែនសំបូរ។ មិនតែប៉ុណ្ណោះឃុំកំពែង គឺជាឃុំមួយក្នុងចំណោមឃុំដែលឈានមុខគេ ដែលជាកម្លាំងស្នូលក្នុងការរួមចំណែកជួយឱ្យគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ ជានិច្ចកាលទទួលបានចំណាត់ថ្នាក់លេខ១ ជាស្រុកដែលទទួលបានសំឡេងគាំទ្រគណបក្សច្រើនជាងគេនៅទូទាំងខេត្តតាកែវ។

*ទី២៖ សូមអបអរសាទរដល់បេក្ខជនទាំងអស់ដែលត្រូវបានជ្រើសរើសជាផ្លូវការសម្រាប់ចូលរួមឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ខាងមុខ និងបានណែនាំដល់បេក្ខជនទាំងអស់ឱ្យមានសាមគ្គីភាពនិងឯកភាពផ្ទៃក្នុងខ្ពស់ ព្រមទាំងត្រូវខិតខំបន្តបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យរឹតតែសកម្ម ខ្លាំងក្លា និង មានប្រសិទ្ធភាព ដោយត្រូវចុះជាប់ស្និទ្ធនឹងប្រជាពលរដ្ឋ ហើយក្តាប់ឱ្យបាននូវរាល់សំណូមពររបស់ពួកគាត់ ដើម្បីដោះស្រាយនិងចងក្រងជាគំនិតក្នុងការបំផុសចេញជាគោលនយោបាយ និងផែនការអភិវឌ្ឍន៍នានាក្នុងមូលដ្ឋាន និងត្រូវអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងឆ្នាំ២០២២នេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ ជាពិសេស ត្រូវខិតខំកសាងកម្លាំង និងត្រូវ ធ្វើជាស្នូលនៃសាមគ្គីភាពរបស់សមាជិកបក្ស ដោយត្រូវធានាឱ្យបាន «សមាជិកគណបក្សយើង១រូប គឺជាសម្លេងឆ្នោតគាំទ្រគណបក្ស១សន្លឹក» ដើម្បីសម្រេចដណ្តើមជ័យជម្នះទាំងស្រុងក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខ។

*ទី៣៖ ពាក់ព័ន្ធនឹងបញ្ហាវិបត្តិជំងឺកូវីដ១៩ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពរបស់ប្រជាពលរដ្ឋ ប្រទេសកម្ពុជាបានសម្រេចជោគជ័យជាទីមោទនៈលើការចាក់វ៉ាក់សាំង ដោយសម្រេចបាន ៨៩,៣៨% ធៀបនឹងចំនួនប្រជាជនសរុប ដែលការណ៍នេះ អាចធ្វើឱ្យយើងវិលទៅរកការរស់នៅជាធម្មតាជាបណ្តើរៗស្របតាមគន្លងប្រក្រតីភាពថ្មី។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់លើការគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទោះក្នុងដំណាក់ កាលនៃជំងឺកូវីដ១៩នេះ ដោយបាន ដាក់ចេញនូវវិធានការណ៍អន្តរាគមន៍ជំនួយសង្គម ជាច្រើនជុំ រួមទាំងការផ្ដល់ភ្លាមៗនូវ អាហារ សម្ភារៈ និងបរិក្ខារចាំបាច់នានា ជូនដល់ក្រុមគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងអ្នកដែលបានឆ្លងជំងឺកូវីដ១៩ ព្រមទាំងក្រុមគ្រួសារដែលមានសមាជិកស្លាប់ដោយជំងឺកូវីដ១៩។

ឆ្លៀតក្នុងឱកាសនេះ លោកបានថ្លែងអំណរគុណជាអនេកចំពោះ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សហគមន៍កសិកម្ម មូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់ និងប្រជាពលរដ្ឋនៃស្រុកគិរីវង់ ដែលបានឧបត្ថម្ភថវិកាចំនួន ៦៦,៦៦២,៥០០លានរៀល ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ ទិញវ៉ាក់សាំងចាក់ការពារជំងឺកូវីដ១៩ និងថ្លែងអំណរគុណដល់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់គ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមជាកម្លាំងសាមគ្គីដ៏រឹងមាំការពារថែរក្សាសុខភាពអាយុជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងស្រុកគិរីវង់ បានរួចផុតពីការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការឧបត្ថម្ភជាថវិកាសម្រាប់សាងសង់មណ្ឌលចត្តាឡីស័កទាំងពីរកន្លែងសម្រាប់ថ្នាក់ស្រុក និងរៀបចំមណ្ឌលចត្តាឡីស័កនៅតាមសាលារៀន វត្តអារាម នៅតាមឃុំនីមួយៗ ដោយមានទាំងការផ្គត់ផ្គង់អាហារ សម្ភារប្រើប្រាស់ សម្ភារសុខាភិបាលជូនលោកគ្រូអ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ។

លោកក៏បានស្នើសុំដល់សមាជិកគណបក្សទាំងអស់ចលនាប្រជាជនដែលពុំទាន់បានចាក់វ៉ាក់សាំងដូស ជំរុញ សូមទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់ៗគ្នាដើម្បីការពារអាយុជីវិតពីការឆ្លងជំងឺកូវីដ១៩៕