(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋព្រឹទ្ធសភា នៃកម្ពុជា បានផ្ញើលិខិតជូនពរ ជូនចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសចម្រើនជន្មាយុប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរដ៏ថ្លៃថ្លា។

ក្នុងលិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើជូនសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា «ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអបអរសាទរដោយសេចក្តី ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ក្នុងឱកាសចម្រើនជន្មាយុប្រកបដោយពរជ័យសិរីមង្គលមហាប្រសើរដ៏ថ្លៃថ្លា បំផុតរបស់សម្ដេចក្រឡាហោម ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ»

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ដថា សម្ដេចក្រឡាហោម បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយស្មារតីស្នេហាជាតិ ស្នេហាប្រជាជនដ៏ខ្ពង់ខ្ពស់ ដឹកនាំក្រសួងមហាផ្ទៃ ឱ្យសម្រេចបានសមិទ្ធផលធំៗជាច្រើនជូនជាតិមាតុភូមិ និងរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គម សុវត្ថិភាព សង្គម និងកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ក្រោមម្លប់ដ៏ត្រជាក់ត្រជំនៃ «សន្តិភាព» របស់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តជាខ្លាំង និងប្រទេសជាតិមានភាពសម្បូរសប្បាយ រុងរឿងជាបន្តបន្ទាប់។

ជាថ្មីម្ដងទៀត ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គមេត្តាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ បវរសួស្តី សិរីជ័យមង្គលគ្រប់ប្រការជូន សម្ដេច ក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមមានជន្មាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៍ និងសូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមអានខ្លឹមសារលម្អិតនៃលិខិតជូនពរ របស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ៖