(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានថ្លែងថា នៅក្នុងឆ្នាំ២០២១ កន្លងទៅនេះ ការនាំចេញវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបកម្ពុជា គិតជាទឹកប្រាក់ មានចំនួនជិត១០ពាន់លានដុល្លារអាម៉េរិក ឬប្រមាណ៦៣ភាគរយនៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា។

ការលើកឡើងបែបនេះរបស់ លោក អ៉ិត សំហេង បានធ្វើឡើងក្នុងសន្និបាតលើកទី១៥របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) រៀបចំធ្វើនៅទីស្នាក់ការសមាគម ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ជាវិស័យទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់ និងនៅតែជាវិស័យនាំចេញសំខាន់ជាងគេរបស់កម្ពុជា ដោយកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះមានអត្រាប្រហែល១០%។

លោកបានបន្តថា «ទោះបីជាមានការធ្លាក់ចុះបន្តិចបន្តួច នៅក្នុងឆ្នាំ២០២០ តែបានងើបឡើងវិញបានយ៉ាងល្អចាប់ពីឆ្នាំ២០២១ ជាក់ស្តែង នៅក្នុងឆ្នាំ២០២១ ទឹកប្រាក់នាំចេញសរុបនៃវិស័យនេះមានប្រមាណជិត១០ពាន់លានដុល្លារអាម៉េរិក ឬប្រមាណ៦៣ភាគរយនៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា»

លោករដ្ឋមន្ត្រីបានបន្តទៀតថា គិតត្រឹមចុងឆ្នាំ២០២១ រោងចក្រ សហគ្រាសដែលបានចុះបញ្ជីផ្លូវការក្នុងវិស័យនេះបានកើនដល់ប្រមាណជាង១២០០រោងចក្រ ដែលផ្តល់ការងារក្នុងប្រព័ន្ធដល់កម្មករនិយោជិតប្រមាណជិត១លាននាក់។

គួរបញ្ជាក់ថា សន្និបាតក៏មានរៀបចំពិធីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សម្រាប់អាណត្តិថ្មីឆ្នាំ២០២២-២០២៣ ផងដែរ។ ក្នុងនោះ អង្គសន្និបាតបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនដល់លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ជំនួសលោកឧកញ៉ា វ៉ាន់ ស៊ូអៀង ដែលទើបផុតអាណត្តិ ហើយដែលត្រូវបានគណៈកម្មការប្រតិបត្តិផ្តល់ងារជាប្រធានកិត្តិយស៕