(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចប្រឆាំងដាច់ខាតចំពោះជនមួយក្តាប់តូច ឬអ្នកណាក៏ដោយ ដែលមានបំណងចង់បំផ្លិចបំផ្លាញសន្តិភាព នៅកម្ពុជា ធ្វើឲ្យធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ព្រោះសម្តេចបានខិតខំ ជាមួយប្រជាពលរដ្ឋ ដើម្បីការរីកចម្រើន និងឱកាសលូតលាស់​ទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សិទ្ធិបញ្ចេញមតិគឺមានព្រំដែនកំណត់ កុំអាងតែមានសិទ្ធិបញ្ចេញមតិមកនិយាយ ប៉ះពាល់ដល់គេឯងនោះទេ គេនឹងវាយបក និងឆ្លើយតបទៅវិញហើយ ព្រោះគេមានសិទ្ធិការពារខ្លួនរបស់គេដែរ។

ក្រៅពីការលើកឡើងនេះ សម្តេចបានអះអាងថា ការដែលមានផ្លូវហេដ្ឋារចនាសម្ព័ន្ធ និងថ្នល់ល្អនៅក្នុងទឹកដី ខេត្តបន្ទាយមានជ័យនេះ ជាសមិទ្ធិផលថ្មីមួយទៀត មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ ដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏បានសម្រួលដល់ការធ្វើដំណើរឃោសនា រកសម្លេងរបស់បក្សប្រឆាំង និងដើម្បីជេររដ្ឋាភិបាលផងដែរ។

ការថ្លែងរបស់សម្តេចខាងលើនេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ផ្លូវលេខ៥៦ និងផ្លូវចូលទៅប្រាសាទបន្ទាយឆ្មារ ចង់ភ្ជាប់ពីខេត្តបន្ទាយមានជ័យ ដល់ខេត្តឧត្តរមានជ័យប្រវែងជាង១២៤គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦៕