(ភ្នំពេញ)៖ កាលចុងសប្តាហ៍កន្លងទៅ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានចេញលិខិត ចំហរមួយ ដោយបានសរសេររៀបរាប់អំពីរឿងរ៉ាវដែលនាំឱ្យនាងលាក់បាំង មិនឆ្លើយការពិតប្រាប់សមត្ថកិច្ច អំពីទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។

មូលហេតុដែលនាងមិនឆ្លើយការពិតប្រាប់សមត្ថកិច្ច នៅនាយកដ្ឋានប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន របស់ក្រសួងមហាផ្ទៃ និងសារព័ត៌មាននានាកន្លងមកនោះ ត្រូវបានស្រីមុំលាតត្រដាងតាមលិខិតចំហរនេះថា ដោយសារតែមានការបង្គាប់ពី លោក កឹម សុខា មន្រ្តីសង្គមស៊ីវិល រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

អ្នកពាក់ព័ន្ធដែលស្រីមុំចោទថា បញ្ចុះបញ្ចូលឲ្យរូបនាងឱ្យនិយាយកុហកនោះ មានដូចជា លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ាន់ដា និងលោកស្រី លឹម មុន្នី មន្រ្តីអង្គការអាដហុក និងលោកស្រី ធី ឃីៈ ប្រធានអង្គការសីលការ, ប្រធានអង្គការណ្កដស៊ី, លោក ស៉ឺន សាលី មន្រ្តីអង្គការសិទ្ធិមនុស្ស UN និងឈ្មោះ ស៊ាង ចែត មេឃុំស្រុកកំពង់សៀម ខេត្តកំពង់ចាម។

រហូតមកដល់ពេលនេះ មន្រ្តីសមាគមអាដហុកចំនួន៥នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយកោះហៅ ហើយដែលក្នុងនោះរួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក ,លោក ណៃ វ៉ងដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក, លោកស្រី លឹម មុនី មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមអាដហុក និងលោកស្រី ទ្រី ឈូន មេធាវី។ ក្រៅពីនោះ ក៏មានការកោះហៅ អ្នកពាក់ព័ន្ធ៣នាក់ផ្សេងទៀត ដើម្បីឆ្លើយបំភ្លឺរឿងនេះ ដែល ACU មិនទាន់បង្ហាញឈ្មោះនៅឡើយ។

ដោយឡែក លោក ស៊ាង ចែត មេឃុំគណបក្សសមរង្ស៊ី នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ក៏ត្រូវបាន ACU ឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ផងដែរ ពាក់ព័ន្ធនឹងការយកលុយ៥០០ដុល្លារ ទៅឱ្យម្តាយស្រីមុំ ដើម្បីឱ្យជួយបញ្ចុះបញ្ចូល ស្រីមុំ កុំឱ្យនិយាយការពិត អំពីរឿងអាស្រូវស្នេហា ជាមួយលោក កឹម សុខា។

លោក អ៊ូ វីរៈ នាយកវេទិកាអនាគត ដែលបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជា នៅតាមប្រព័ន្ធផ្សព្វផ្សាយថា ជាអ្នករៀបចំយុទ្ធសាស្រ្តក្នុងរឿង អាស្រូវស្នេហ៍ លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ដើម្បីទម្លាក់ប្រជាប្រិយភាពលោក កឹម សុខា ក៏ប្រឈមទៅនឹងការប្តឹងពី គណបក្សប្រជាជនកម្ពុជា ផងដែរ។ គណបក្សប្រជាជនកម្ពុជា បានប្តឹងលោក អ៊ូ វីរៈ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយទាមទារសំណង ៤០០លានរៀល។

សរុបមករហូតដល់ពេលនេះ អាចនឹងមានមនុស្សយ៉ាងហោចណាស់ ៩នាក់ ដែលអាចត្រូវប្រឈមមុខចំពោះមុខច្បាប់ ក្រោយពីលិខិតចំហររបស់ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ហើយមជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា ករណីនេះអាចនឹងរាលដាលដល់ អ្នកពាក់ព័ន្ធកាន់តែច្រើនទៀត៕