(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យលោក Jiang Juhua នាយកគ្រប់គ្រងទូទៅផ្នែក កម្ចីសម្បទាន នៃធនាគារ អាហរ័ណ នីហរ័ណចិនពន្លឿន​កិច្ចព្រមព្រៀង​ប្រាក់​កម្ចីសម្រាប់ផ្លូវលេខ៥១ និងផ្លូវក្រវ៉ា់ត់ក្រុងលេខ២ឲ្យបានលឿន។ ក្រៅពីនោះលោក ស៊ុន ចាន់ថុល បានស្នើឲ្យលោក Jiang Juhua ផ្តល់ការគាំទ្រលើការ ស្វែងរកគម្រោង​ផ្តល់ហិរញ្ញ​ប្បទាន សម្រាប់ការសាងសង់ ផ្លូវល្បឿនលឿនពីភ្នំពេញទៅ ក្រុងព្រះសីហនុ ដែលជាការពង្រឹងដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាយ៉ាងធំធេង។

គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិភាក្សា អំពីគម្រោងអាទិភាពនានា ក្នុងការធ្វើឲ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធ ដែលធនាគារអាហរ័ណ នីហរ័ណចិន អាចផ្តល់ហិរញ្ញប្បទានបាន។ គម្រោង​អាទិភាពទាំងនេះ គឺផ្នែកមួយនៃមធ្យោបាយដែលមានប្រសិទ្ធភាពបំផុត ក្នុងការធ្វើឲ្យសេដ្ឋកិច្ច មានភាពប្រសើរឡើង។

ការបញ្ជាក់របស់ លោក ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើឡើង ខណៈដែលលោក ជួបជាមួយ ពិភាក្សាការងារ ជាមួយគណៈប្រតិភូមួយក្រុម ដឹកនាំដោយលោក Jiang Juhua នាយកគ្រប់គ្រងទូទៅផ្នែកកម្ចីសម្បទាន នៃធនាគារអាហរ័ណនីហរ័ណចិន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៦ នៅទីស្តី ការក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រីបានបញ្ចាក់ថា «​ពួកគេគឺជាគណៈប្រតិភូផ្លូវការលើកដំបូងហើយ ដែលបានជួបពិភាក្សាជាមួយខ្ញុំ ក្នុងតំណែងថ្មីជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន»

ក្រៅពីនោះលោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងលោក Jiang Juhua ក៏បានពិភាក្សាផងដែរអំពីការដឹកជញ្ជូនតាមផ្លូវទឹកក្នុងស្រុក ផ្លូវដែក ព្រលាន យន្តហោះ និងបណ្តាញផ្លូវគោក​ផ្សេងទៀត​នៅក្នុង​ប្រទេសកម្ពុជាផងដែរ។

លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរចំពោះ ធនាគារ អាហរ័ណ នីហរ័ណចិន ដែលបានផ្តល់ការគាំទ្រដល់ការស្តារហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់នៅ ក្នុងប្រទេសកម្ពុជា៕