(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពមន្រ្តីដោះមីន ចំនួន០៣នាក់ ដែលបានពលីជីវិតក្នុងបេសកកម្មដោះមីន និងគ្រាប់មិនផ្ទុះមួយកន្លែងស្ថិតនៅភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

តាមរយៈទំព័រ Facebook នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី បានសម្តែងក្តីសោកស្តាយយ៉ាងដូច្នេះថា៖ «ខ្ញុំសូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព មន្រ្តីដោះមីន ចំនួន ០៣ នាក់ ដែលបានពលីជីវិតក្នុងបេសកកម្មដោះមីន និងគ្រាប់មិនផ្ទុះមួយ ស្ថិតនៅភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឧបទ្ទវហេតុដ៏គួរឱ្យអាក្រក់មួយនេះ បានរំឭកយើងសារជាថ្មីអំពីផលវិបាកនៃសង្រ្គាម ដែលទោះបីជាយើងបានទទួលសុខសន្តិភាពជាច្រើនឆ្នាំមកយ៉ាងណាក្តី ក៏វានៅតែបន្តយាយីអាយុជីវិត និងគម្រាមកំហែងដល់ប្រជាពលរដ្ឋដដែល។

ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់សោកនាដកម្មនៃជម្លោះផ្ទៃក្នុងរាប់ទសវត្សកន្លងមកនេះ យើងយល់ច្បាស់នូវតម្លៃនៃសន្តិភាព សម្រាប់មនុស្សជាតិ។ សន្តិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺមិនត្រឹមតែជា «រតនវត្ថុ» ដ៏មានតម្លៃសម្រាប់កម្ពុជាយើងតែប៉ុណ្ណោះនោះទេ តែក៏ដើម្បីតំបន់យើង និងពិភពលោកទាំងមូលផងដែរ»។

គួរជម្រាបថា អ្នកដោះមីន ចំនួន៣នាក់ នៃអង្គការដោះមីនកម្ពុជា (CSHD) ដែលបានពលីជីវិតដោយការផ្ទុះមីនតោន ក្នុងកិច្ចប្រតិបត្តិការប្រមូល និងកម្ទេចគ្រាប់កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងភូមិសាស្រ្តភូមិសែនតេជៈ ឃុំសែនតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលពួកគាត់បានបម្រើការងារបោសសម្អាតមីនមនុស្សធម៌រយៈពេលជិត១០ឆ្នាំនេះ ចាប់តាំងពីឆ្នាំ២០០២។

ជនរងគ្រោះទាំង៣រូបនេះ គឺលោក ស៊ុន វង្ស, លោក ម៉ា ស៊ីម៉េត និងលោក ម៉ន ចក់ បានប្រថុយគ្រប់យ៉ាងអស់ជាច្រើនឆ្នាំក្នុងការបម្រើប្រទេស និងប្រជាជនរបស់ខ្លួន។ ពួកគាត់បានលះបង់ជីវិតរបស់ខ្លួន ដើម្បីធ្វើឱ្យអ្នកដទៃមានសុវត្ថិភាព។ យើងទាំងអស់គ្នាសូមគោរពជីវិត និងការលះបង់របស់ពួកគាត់។

គិតចាប់ពីឆ្នាំ១៩៩៧ ដល់បច្ចុប្បន្ន អ្នកដោះមីនដែលគ្រោះថ្នាក់ក្នុងកិច្ចប្រតិបត្តិការ បានបាត់បង់ជីវិត ពិការ និងរបួស សរុបចំនួន១៥៤ នាក់ ក្នុងនោះបាត់បង់ជីវិតចំនួន ៣១នាក់៕