(បាត់ដំបង)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់អំពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ដែលកំពុងចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានទាំងឆ្លងសហគមន៍ជាបន្ដបន្ទាប់ផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ពេលកំពុងចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញនៅខេត្តបាត់ដំបង លោកស្រី ឱ វណ្ណឌីន បានអះអាងថា បច្ចុប្បន្ននៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ប្រមាណជាង១០០ករណីហើយ ប៉ុន្ដែភាគច្រើនជាករណីនាំចូល។

បើតាមលោកស្រី ឱ វណ្ណឌីន អ្នកជំងឺកូវីដ១៩ ប្រភេទអូមីក្រុងទាំងអស់នោះ គឺកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈពួកគាត់មិនមានស្ថានភាពឈឺធ្ងន់ធ្ងរនោះទេ។ លោកស្រីបន្ថែមថា ពួកគាត់សុទ្ធតែបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយអ្នកខ្លះបាន១ដូស ខ្លះ២ដូស និងមានខ្លះចាក់បាន៣ដូសហើយផងដែរ។

សូមស្ដាប់ការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន តាមរយៈកិច្ចសម្ភាសន៍នៅខាងក្រោមនេះ៖