(ភ្នំពេញ)៖​ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ និងសមាគមនារី​ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ ឫស្សីកែវ​ និងជាអនុប្រធានគណៈកម្មាធិការ អនុសាខាខណ្ឌ​ រួមទាំង​ លោកស្រី​ អាន​ ផល្លា​ ប្រធានសមាគមនារី​ និងអនុប្រធានសមាគម លោក​ស្រី​ លីរ៉ូហ្សាមី​ បានចុះជួបសំណេះសំណាល​ និងនាំយកអំណោយ​មនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជា រួមទាំង អំណោយសមាគមនារី​ ទៅប្រគល់ជូនដល់បងប្អូនជាកម្មករ កម្មការនីរោងចក្រ និងប្រជាពលរដ្ឋដែរស្នាក់នៅ តាមផ្ទះជួលចំនួន១០០គ្រួសារ ក្នុងទីតាំងផ្សេងគ្នា ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦​នេះ
ដើម្បីបង្ហាញពីភាពស្និទ្ធស្នាលរវាងមន្ត្រី និងប្រជាពលរដ្ឋ​មូលដ្ឋាន។

ក្នុងនោះដែរ លោកអភិបាលក៏បាននាំយកអំណោយ​មនុស្សធម៌ ដែលបានចែកជូនក្នុងមួយគ្រួសារៗ ទទួលបាននូវអង្ករ៥គីឡូក្រាម  ទឹកស៊ីអ៉ីវ១ដប  ទឹកត្រី១ដប មី៤កញ្ចប់ ស្ករស១គីឡូក្រាម​ ក្រមា១​ និងក្រណាត់អាវ១ដុំ របស់សមាគមនារីខណ្ឌ។

ក្នុងឱកាសនោះដែរលោក ជា ពិសី អភិបាលខណ្ឌ​ លោកស្រីប្រធាន​ និងលោកស្រីអនុប្រធានសមាគមនារី​ បានលើកឡើងពីការ យកចិត្តទុកដាក់ គិតគូរខ្ពស់ ដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋយើង នៅតាមមូលដ្ឋានពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់និងជាពិសេស លោកអនុប្រធានគណៈកម្មាធិការ ក៏ក្រើនរលឹកដល់បងប្អូនទាំងអស់ សូមប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះ គ្រោះអគ្គិភ័យ និងបើកបរ ត្រូវគោរពសិទ្ឋិគ្នាទៅវិញទៅមក។

​ប្រជាពលរដ្ឋមូលដ្ឋានក៏ សូមថ្លែងនូវការអរគុណដល់លោក​ អភិបាលដែលតែងតែ មិនបានភ្លេចរាល់ការខ្វះខាត​ និងសំណូមពរ របស់ពួកគាត់៕